ព័ត៌មានជាតិ

ទិវាគ្រូបង្រៀនឆ្នាំនេះ ៖ គ្រូបង្រៀនរក្សាបានតួនាទីសំខាន់ ក្នុងការអប់រំគ្រប់កាលៈទេសៈ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ «គ្រូបងៀនរក្សាបានតួនាទីសំខាន់ ក្នុងការអប់រំគ្រប់កាលៈទេសៈ» ដែលធ្វើឡើងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ខាងមុខ តាមប្រព័ន្ធវិដេអូ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាព មន្ទីររាជធានី-ខេត្ត បុគ្គលិកអប់រំ សមាគមបុគ្គលិកសិក្សាខ្មែរ សមាគមគ្រឹះស្ថានឧត្តមសិក្សា និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ទិវាគ្រូបង្រៀន ៥ តុលា ត្រូវបានប្រារព្ធធ្វើឡើង ក្នុងគោលបំណង បំផុសវប្បធម៌ និងប្រពៃណី នៃការរំឭកគុណូបការៈដ៏ថ្លៃថ្លាជូនចំពោះគ្រូបង្រៀននៅគ្រប់ភូមិសិក្សាទូទាំងប្រទេស ដែលពួកគាត់បាន និងកំពុង បំពេញការងារជាអ្នកអប់រំ និងជាសិល្បករផ្ទេរចំណេះដឹង និងជូនចំពោះគ្រូបង្រៀន ដែលបានចូលនិវត្តន៍ ឬបានបាត់បង់ជីវិតទៅហើយក្តី។

ក្នុងកម្មវិធីនេះ ក៏នឹងមានបឋកថារបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ស្ដីពី «ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការអនុវត្តវិធីសាស្ត្របង្រៀនថ្មី» ពិធីប្រកាសពានរង្វាន់ សម្ដេចតេជោសែន នាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យា ថ្នាក់ទី១ ទី២ និងថ្នាក់ទី៣ និងពានរង្វាន់សាលាស្អាតឆ្នាំសិក្សា ២០១៩-២០២០ និងវេទិកាពិភាក្សា ក្រោមប្រធានបទ «តថភាពសក្ដានុពល និងឧត្តមានុវត្ត នៃការអប់រំឌីជីថលនៅកម្ពុជា»។

សូមបញ្ជាក់ថា ទិវាគ្រូបង្រៀ ឆ្នាំ២០២១នេះ នឹងមានរៀបចំព្រឹត្តការណ៍អម «សប្ដាហ៍នៃយុទ្ធនាការអបអរសាទរទិវាគូ បង្រៀន ០៥ តុលា» រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ដោយរួមមាន ៖ ទី១-វេទិកាពិភាក្សាស្តីពី «ការបង្រៀន និងរៀនមុខវិជ្ជាប្រវត្តិវិទ្យា ផ្អែកលើវិធីសិក្សាតាមបែបបញ្ញត្តិ» ,ទី២- ការប្រកួតជជែក ដេញ ដោល ក្រោមប្រធានបទ «ការបង្រៀន ដើម្បីបណ្តុះបំរើនសតវត្សទី២១» របស់ជ័យលាភី កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិទាំងពីររដូវកាល ២០២០ និង២០២១ ,ទី៣-ការប្រកាសលទ្ធផល នៃការប្រកួតប្រជែងសំណេរ អត្ថបទខ្លី និងការតែងកំណាព្យ ,ទី៤-ការប្រកាសលទ្ធផល នៃការចូលរួមបង្កើតផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈគ្រប់ប្រភេទ និងទី៥-ការប្រកាសលទ្ធផល នៃការចូលរួមប្រកួតវីដេអូខ្លី ស្តីពី គុណគ្រូបង្រៀន៕

To Top