ព័ត៌មានជាតិ

ក្រសួងការងារ បញ្ជាឲ្យធ្វើតេស្ដរកមេរោគកូវីដ ដល់កម្មករ ក្រោយឈប់សម្រាក បុណ្យភ្ជុំបិណ្ឌ (Video)

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាឲ្យធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករ និយោជិត នៅតាមរោងចក សហគ្រាស នៅទូទាំងប្រទេសកម្ពុជា ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងការងារ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីរក្សាបានសកម្មភាពអាជីវកម្ម ផលិតកម្ម និងការផ្តល់សេវាកម្ម ក៏ដូចជា ចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាល ទ្រង់ទ្រាយធំ នៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) នៅតាមរោងចក្រ សហគ្រាស ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្រសួងណែនាំ ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករ និយោជិត ត្រូវធ្វើតេស្ដរហ័ស រកមេរោគកូវីដ-១៩ ដល់កម្មករ។

ក្រសួងបញ្ជាក់ថា «ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវត្រៀមឧបករណ៍ ធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ឲ្យបានគ្រប់ចំនួន សម្រាប់ធ្វើតេស្ក រកមេរោគកូវីដ-១៩ ដល់កម្មករ និយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១»។

ក្រសួងបន្ដថា ការធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ នេះ គឺជាបន្ទុករបស់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស។ កម្មករ និយោជិតទាំងអស់ ត្រូវចូលរួមធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ តាមការរៀបចំ របស់ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស។ ចំពោះកម្មករ និយោជិតណា ដែលមិនព្រមចូល ធ្វើតេស្ត នឹងត្រូវចាត់ទុកថា បានល្មើសធ្ងន់ ចំពោះវិធានខាងវិន័យសន្តិសុខ និងអនាម័យ ដូចមានចែង ក្នុងមាត្រា ៨៣ នៃច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិ ជាធរមាន ដែលបើកសិទ្ធិ ឱ្យនិយោជក អាចបញ្ឈប់កម្មករ និយោជិត ពីការងារបាន។

ជាងនេះទៅទៀត ក្រសួងការងារ ក៏បានអំពាវនាវដល់កម្មករ និយោជិត ដែលបានឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវអនុវត្តបានខ្ជាប់ខ្ជួន នូវវិធានការ “៣ការពារ និង ៣កុំ” ជាពិសេសពាក់ម៉ាស់ លាងដៃញឹកញាប់នឹងសាប៊ូ រក្សាគម្លាត សុវត្ថិភាពបុគ្គល ក្នុងពេលធ្វើដំណើរ ដោយរថយន្តរួម និងត្រូវយកតាមខ្លួន នូវទឹកអាល់កុល ឬអាល់កុលជែលលាងដៃ៕

To Top