ព័ត៌មានជាតិ

វ៉ាក់សាំងស៊ីណូវ៉ាក់ ៣លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន៣លានដូស បន្ថែមទៀត ដែលជាការបញ្ជាទិញ របស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកមកដល់កម្ពុជាហើយ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

វ៉ាក់សាំង ដែលកម្ពុជា បានបញ្ជាទិញនៅពេលនេះ សម្រាប់បម្រើដល់ការចាក់ជូនកុមារ អាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ និងសម្រាប់ចាក់ដូសជំរុញ ជូនមនុស្សពេញវ័យ ។

រាជរដ្ឋាភិបាលកម្ពុជា បានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាម ជាមួយនឹងសត្រូវឥតស្រមោលកូវីដ-១៩នេះ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានសារៈសំខាន់ក្នុងការជួយ ឲ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ កាត់បន្ថយអត្រាស្លាប់ ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាល ជំងឺផងដែរ។

ជាលទ្ធផលដែលកម្ពុជា សម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ ធ្វើឲ្យកម្ពុជាអាចគ្រប់គ្រងស្ថានភាព នៃការរីករាលដាលមេរោគកូវីដ-១៩នៅក្នុងប្រទេស ជាពិសេស ជួយកាត់បន្ថយអត្រាទទួលមរណភាព របស់ប្រជាពលរដ្ឋពីឥទ្ធិពលជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ១៣,២០៥,២៣៦នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top