ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការជួយឲ្យកុមារចេះអាន និង សរសេរនៅថ្នាក់ទី១ និងទី២ ជាមូលដ្ឋានគ្រឹះបន្តការសិក្សាថ្នាក់បន្តបន្ទាប់ និង ចូលរួមកាត់បន្ថយបោះបង់ ការសិក្សា ផងដែរ។
ក្នុងពិធីទទួលសម្ភារ សិក្សានៅផ្ទះសម្រាប់សិស្សថ្នាក់ទី១ និងទី២ ពីមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាព (CDPF) សម្រាប់យកទៅ ជូនសិស្សានុសិស្សថ្នាក់ទី១ និងទី២ ប្រហែល ៧៥ម៉ឺននាក់ នៅក្នុងសាលាបឋម សិក្សា ៧ ៣០៤ ទូទាំងប្រទេស នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក ហង់ជួន ណារ៉ុន បញ្ជាក់ថា «ការជួយឲ្យកុមារចេះអាន និងសរសេរនៅថ្នាក់ទី១ និងទី២ ជាមូលដ្ឋានគ្រឹះ ក្នុងការបន្តការសិក្សា នៅថ្នាក់បន្តបន្ទាប់ និងចូលរួមកាត់បន្ថយការបោះបង់ការសិក្សា។ វិធីសាស្ត្របង្រៀន អំណានថ្នាក់ដំបូង ដែលក្រសួងបានរៀបចំចាប់ពីឆ្នាំ២០១៨ បានមកពីការចូលរួម របស់អង្គការដៃគូ ពាក់ព័ន្ធជាច្រើន ក្រោមការគាំទ្ររបស់ USAID។ វិធីសាស្ត្របង្រៀន អំណានថ្មីនេះ បានជួយដល់គ្រូឲ្យបង្រៀនសិស្សឆាប់ចេះអាន សរសេរ និងគ្រប់គ្រងថ្នាក់រៀន ប្រកបដោយប្រសិទ្ធភាព ។ ដើម្បីរៀនភាសាខ្មែរឆាប់ចេះអាន សរសេរ គ្រូបង្រៀននិងសិស្សានុសិស្សថ្នាក់ទី១ និងទី២ ត្រូវអនុវត្តទាំងវិធីសាស្ត្រផ្សំប្រកប (Phonics) និងរៀនពាក្យជាមួយរូបភាព ជាពណ៌ធម្មជាតិ (Whole Word)»។
លោកបានផ្តាំផ្ញើទៅ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ថ្នាក់ទី១ និងទី២ ណែនាំមាតាបិតា អ្នកអាណាព្យាបាលឲ្យបន្តជួយ គាំទ្រ និងជំរុញកូនៗសិក្សានៅផ្ទះ។ មាតាបិតា និងកូនៗ ចូលរួមរៀនអាន សរសេរ និងធ្វើលំហាត់ជាមួយគ្នានៅផ្ទះ ដើម្បីជាការបង្កើន ភាពស្និទ្ធស្នាល និងបង្កបរិយាកាសសប្បាយ រីករាយក្នុងគ្រួសារ ទាំងក្នុងអំឡុងពេលសាលារៀន ផ្អាកដំណើរការ សាលារៀនបើកដំណើរ ការឡើងវិញ និងជារៀងរហូតតទៅ ដើម្បីជាការកម្សាន្តរវាង មាតាបិតាជាមួយកូន និងឈានទៅបណ្តុះ ទម្លាប់អានពេញមួយជីវិត។
លោករដ្ឋមន្ដ្រីបន្ដថា រហូតមកដល់ពេលនេះ មានសាលារៀនប្រមាណ ៩ ៨០០ ដែលចែកចេញជាមត្តេយ្យសិក្សាប្រហែល ៣ ៣០០ បឋមសិក្សាប្រហែល ៥ ០០០ អនុវិទ្យាល័យប្រហែល ១ ០០០ និងវិទ្យាល័យប្រហែល ៥០០ បានបើកដំណើរការឡើងវិញ និងមានសិស្សប្រមាណ ១លាននាក់ បានចូលរៀនឆ្លាស់វេនគ្នា។
ឆ្លៀតឱកាសនោះ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានលើកឡើងថា មានបុគ្គលិកអប់រំទាំងរដ្ឋ និងឯកជនប្រមាណ ១៦ម៉ឺននាក់បានចាក់វ៉ាក់សាំងកូវីដ៕