ព័ត៌មានជាតិ

សម្តេច ស ខេង​ ចុះហត្ថលេខាលើផែនការ ការងារបន្តសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខ ចិន

ភ្នំពេញ​ ៖​ នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំ និងចុះហត្ថលេខាផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសុខចិន ដែលដឹកនាំដោយលោក ចាវ ឃើជឺ សមាជិក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។

ក្នុងកិច្ចប្រជុំ និងពិធីចុះហត្ថលេខាដ៏មានសារៈសំខាន់នេះផងដែរ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូនៃភាគីទាំងពីរ ដែលរួមមាន៖ ភាគីកម្ពុជាមានវត្តមានអញ្ជើញចូលរួមពី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាព និងមន្រ្តីពាក់ព័ន្ធ។

ដោយឡែកភាគីសាធារណរដ្ឋប្រជាមានិតចិន មានការចូលរួមពី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា អគ្គនាយករងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណៈចិន និងតំណាងការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងមន្ត្រីទំនាក់ទំនងទំនាក់ទំនងកិច្ចការប៉ូលីស នៃស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងមន្ត្រីពាកព័ន្ធផងដែរ៕

To Top
×