ព័ត៌មានជាតិ

ជនជាតិចិន ៤នាក់ និងអ្នកនាំផ្លូវម្នាក់ បម្រុង ឆ្លងដែនខុសច្បាប់ ត្រូវកម្លាំងតំបន់ប្រតិបត្តិរងបន្ទាយមានជ័យឃាត់ខ្លួន


បន្ទាយមានជ័យ៖ ជនជាតិចិន ចំនួន៤នាក់ បំរុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ វេលា ម៉ោង ២០:៣០នាយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិកេាះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំង ទាំងអស់ល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការល្អ ជាមួយកងកម្លាំងចំរុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោក អនុសេនីយ៍ទោ ហួត ប៊ុនធឿន មេក្រុមគោលដៅ ដឹកនាំកម្លាំងដើរល្បាតក៏ជួប ជនជាតិចិន ចំនួន ៤នាក់ អ្នកនាំផ្លូវម្នាក់ និងម៉ូតូ ចំនួន ១គ្រឿង បំរុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឃាត់ខ្លួនបា នតែម្តង ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់ ។

ចំណែក ជនជាតិចិន ចំនួន ៤នាក់ អ្នកនាំផ្លូវ ក្រោយពីបានសួរនាំរួច ត្រូវបានប្រគល់អោយ ស្នាក់ការកងរាជអាវុធហត្ថ ចាក់ការតាមនីតិវិធីច្បាប់បន្ត ។

To Top