ព័ត៌មានជាតិ

កម្ពុជា-ចិន បន្ដទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្ម និងល្បែងស៊ីសងអនឡាញ (Video)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ចាវ ឃើជឺ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋក្រសួងសន្ដិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិនរួមគ្នាបន្តទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ល្បែងស៊ីសងអនឡាញ អំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ជាដើម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយមើលឃើញពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ សម្តេច ស ខេង និងលោក ចាវ ឃើជឹ បានចុះហត្ថលេខាលើ ផែនការការងារ ស្ដីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការកាន់តែសកម្ម សំដៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត បម្រើដល់ការអភិវឌ្ឍសង្គមជាតិ និងផលប្រយោជន៍ទៅវិញ ទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ ។


ក្នុងនោះបានឯកភាពបន្តផ្តោតការយកចិត្តទុកដាក់លើការងារមួយចំនួន ៖ ទី១-បន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្ម មានអង្គការចាត់តាំងល្បែងស៊ីសងអនឡាញខុសច្បាប់ អំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការជួញដូរគ្រឿងញៀនខុសច្បាប់។

និងទី២-បន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើឲ្យការប្រារព្ធនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ ឲ្យប្រព្រឹត្តទៅដោយជោគជ័យតាមការគ្រោងទុក ក្នុងនោះរួមមាន ការទទួល តួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ការប្រកួតកីឡារដូវរងា ទីក្រុងប៉េកាំងឆ្នាំ២០២២ និងការរៀបចំព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ព្រមទាំងព្រឹត្តិការណ៍សំខាន់ៗ ដទៃទៀត ដែលប្រារព្ធធ្វើនៅកម្ពុជា និងចិន៕

To Top
×