ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទណ្ឌកម្ម ជនជាតិកូរ៉េខាងត្បូង ពីរនាក់ ដាក់គុក ក្នុងម្នាក់ៗ ពីរឆ្នាំ ជាប់ពាក់ព័ន្ធ ការលាងលុយក្រខ្វក់ ជាង២លានដុល្លារអាមេរិក នៅកម្ពុជា !!

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១ នេះ បានប្រកាសសាលដីកា តម្កល់ទោស របស់ ពិរុទ្ធជនជាជនជាតិកូរ៉េខាងត្បូង ចំនួន ២នាក់ និង បានផ្តន្ទាទោស ពួកគេ ក្នុងម្នាក់ៗ កំណត់ ២ឆ្នាំ នៅក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងការ នាំចូលលុយ ចំនួនជាង ២លានដុល្លារអាមេរិក ពីទីក្រុងហុងកុង មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនមានឯកសារ ឬ ប្រភពព័ត៌មាន ប្រព្រឹត្តនៅក្នុងចំណុច ព្រលានយន្តហោះអន្តរជាតិ សៀមរាប កាលពីអំឡុងឆ្នាំ ២០១៩ ។

លោកចៅក្រម គង់ តារាឆាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះស្តីទី បានអានសាលដីកាថា ជនជាប់ចោទ កូរ៉េខាងត្បូង ទាំង២នាក់ មានឈ្មោះ ទី ១-ឈ្មោះ Song Hyunhoo ភេទ ប្រុស អាយុ ៤៤ ឆ្នាំ និង ទី ២ ឈ្មោះ Yoon Wongi ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ។

លោកចៅក្រម បានថ្លែងបន្តថា ពួកគេទាំងពីរ ត្រូវបានសាលាដំបូងខេត្តសៀម កាលពីថ្ងៃ ០១ តុលា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ ក្នុងម្នាក់ៗ និងពិន័យជាប្រាក់ ក្នុងម្នាក់ៗ ចំនួន ៦០លានរៀលទៀត សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ក្រោមការចោទប្រកាន់ពីបទ: ការសំអាតប្រាក់ ។

សាលាដំបូងខេត្តសៀមរាប ក៏បាន សម្រេចរឹបអូសលុយចំនួន ២.២០០.០០០ ដុល្លារអាមេរិក ( 2,2 លាន$) ដែលបានដកហូតពីពួកគេ ដាក់ចូលជា ថវិកាជាតិ ផងដែរ ។

ពួកគេទាំងពីរនាក់ បានប្តឹងជំទាស់ នឹងសេចក្តីសម្រេច របស់សាលាដំបូង ខេត្តសៀមរាប ទៅកាន់សាលាឧទ្ទរណ៍ខេត្តបាត់ដំបង ។ តែសាលាឧទ្ធរណ៍ បានតម្កល់សាលក្រម របស់តុលាការខេត្តសៀមរាប រក្សាទុកជាបានការ ដដែល ។ ពួកបានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល ។

ពួកគេទាំងពីរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០១៩ នៅក្នុងចំណុចព្រះលានយន្តហោះអន្តរជាតិសៀមរាប បន្ទាប់ពីពួកគេបានធ្វើដំណើរ តាមជើងហោះហើរ ពីទៅក្រុហុងកុង មកដល់ខេត្តសៀមរាប។

ក្រោយការឃាត់ខ្លួន, មន្ត្រីសមត្ថកិច្ចនគរបាលជំនាញប្រចាំ នៅព្រះលានយន្ត ហោះអន្តរជាតិសៀមរាប រឹបអូសបាន ប្រាក់ចំនួន ២.២០០.០០០ ដុល្លារអាមេរិក និង លុយបរទេសមួយចំនួនផ្សេងទៀត ដែលមិនមានឯកសារបញ្ជាក់ ឬ ប្រភពព័ត៌មានច្បាស់លាស់ នៃ ការនាំចូលប្រាក់ទាំងនោះ មកកាន់ព្រះរាជាណាចក្រកម្ពុជា ៕

ដោយ: រស្មី អាកាស

To Top