ព័ត៌មានជាតិ

កុងស៊ុលកម្ពុជា ប្រចាំក្រុងហូជីមិញ ជួយសម្រួលរៀបចំ ឲ្យពលរដ្ឋខ្មែរ១៨នាក់ ត្រឡប់មកមាតុប្រទេសវិញ

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួង ការបរទេស បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយ អាជ្ញាធរមាន សមត្ថកិច្ចក្រុងហូជីមិញ រៀបចំឲ្យពលរដ្ឋខ្មែរ ចំនួន ១៨នាក់ (៥គ្រួសារ) ដែលឆ្លងដែនខុសច្បាប់ មករកការងារធ្វើ និងប្រកបរបរចិញ្ចឹមជីវិត នៅទីក្រុងហូជីមិញ ត្រឡប់ទៅស្រុកកំណើតវិញ ដោយសារជួបបញ្ហាលំបាក ក្នុងបរិបទ នៃជំងឺកូវីដ-១៩ និងមានជីវភាព ខ្វះខាតខ្លាំង។

ស្ថានអគ្គកុងស៊ុលបានរៀបចំ រថយន្តដឹកជញ្ជូន និងបានជូនដំណើរ ដល់ព្រំដែន អន្តរជាតិបាវិត ខេត្តស្វាយរៀង (បានធ្វើតេស្តទទួល លទ្ធផលអវិជ្ជមានកូវីដទាំង ១៨នាក់ មុនចេញដំណើរ) ព្រមទាំងរៀបចំទឹកសុទ្ធ នំបុ័ងសាច់ ជូនសម្រាប់អាហារថ្ងៃត្រង់ និងផ្តល់ជូនមីក្នុងមួយគ្រួសារ ១កេស (៣០កញ្ចប់) សម្រាប់ហូប ក្នុងពេលចត្តាឡីស័ក នៅកម្ពុជាផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថានអគ្គកុងស៊ុល ក៏បានផ្តល់ជំនួយជាគ្រឿងឧបភោគ និងបរិភោគ ដល់ពលរដ្ឋខ្មែរចំនួន ៣គ្រួសារ នៅក្រុងហូជីមិញ ដែលជួបការលំបាកខ្លាំង ក្នុងកំឡុងពេលដែលអាជ្ញាធរក្រុង អនុវត្តវិធានការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ៕

To Top