ព័ត៌មានជាតិ

មន្ត្រីបារាំង៖ អ៊ីរ៉ង់ ត្រូវតែវិលចូល កិច្ចពិភាក្សានុយក្លេអ៊ែ ដើម្បីបញ្ចៀស កំណើនភាពតានតឹង

បរទេស៖ មន្ត្រីនៅការិយាល័យ ប្រធានាធិបតីបារាំង បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់ ត្រូវតែវិលចូលកិច្ចពិភាក្សាគ្នា ជាមួយមហាអំណាចពិភពលោកនានា ជុំវិញរឿងកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ដើម្បីបញ្ចៀសមិនឲ្យ ភាពតានតឹងការទូតកើនឡើង ដែលអាចធ្វើឲ្យ ប៉ះពាល់ដល់កិច្ចចរចាគ្នា។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Middle East Monitor បានឲ្យដឹងថា មន្ត្រីរូបនោះ ក៏បាននិយាយផងដែរថា ប្រទេសអ៊ីរ៉ង់ នឹងមិនអាចកំណត់លក្ខខណ្ឌថ្មី នៅមុនពេលវិលត្រឡប់ មកចូលកិច្ចពិភាក្សាគ្នា នៅទីក្រុងវីយែនវិញ។

មន្ត្រីនៅការិយាល័យ ប្រធានាធិបតីបារាំងរូបនេះ បាននិយាយប្រាប់អ្នក សារព័ត៌មានយ៉ាងដូច្នេះថា “គ្មានអ្នកណាម្នាក់ ចង់ឲ្យមានការតានតឹង កើនឡើងវិញនោះទេ ប៉ុន្តែដើម្បីបញ្ចៀសមិនឲ្យ មានភាពតានតឹងនោះ ប្រទេសអ៊ីរ៉ង់ត្រូវតែវិល ត្រឡប់មករកតុចរចាគ្នាវិញ”។

គួរបញ្ជាក់ថា មហាអំណាចលោកខាងលិច បានជំរុញឲ្យអ៊ីរ៉ង់វិល ត្រឡប់មករកការចរចាគ្នាវិញ និងបាននិយាយថា ពេលវេលាកំពុងតែអស់ ស្របពេលដែលកម្មវិធីនុយក្លេអ៊ែអ៊ីរ៉ង់ កំពុងតែធ្វើដំណើរទៅមុខហួសពីព្រំដែន កំណត់ដោយកិច្ចព្រមពៀង ដែលទីក្រុងបោះបង់ចោល ក្នុងឆ្នាំ២០១៨៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×