ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ដាក់ចេញផែនការ សកម្មភាព ចាក់វ៉ាក់សាំង ដូសជំរុញ បង្កើនភាព ស៊ាំទប់ទល់កូវីដ (Video)

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានដាក់ចេញ ឲ្យអនុវត្តនូវផែនការ សកម្មភាព សម្រាប់ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដើម្បីបង្កើនភាពស៊ាំ ទប់ទល់នឹងមេរោគកូវីដ-១៩ ព្រមទាំង រៀបចំឡើងស្របតាមខ្លឹមសារ នៃគោលនយោបាយ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ របស់រាជរដ្ឋាភិបាល។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ផែនការនេះ មានគោលបំណង កាត់បន្ថយការឆ្លង ភាពធ្ងន់ធ្ងរនៃជំងឺ ការឈឺ សម្រាកពេទ្យ និងស្លាប់ដែលបណ្តាលមក ពីជំងឺកូវីដ-១៩ និងទប់ទល់នឹងការ គម្រាមកំហែង នៃមេរោគបំប្លែង ខ្លួនប្រភេទថ្មីៗ តាមរយៈការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង។

លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ច ចាក់វ៉ាក់សាងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សង្ឃឹមថា ផែនការសកម្មភាព សម្រាប់ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញដើម្បីបង្កើន ភាពស៊ាំ ទប់ទល់នឹង មេរោគកូដ-១៩ នឹងត្រូវបានយកទៅ អនុវត្ត ប្រកបដោយស្មារតី ទទួលខុសត្រូវ និងទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីជាគុណប្រយោជន៍ ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋ កម្ពុជាគ្រប់រូប។

លោកស្រី ក៏បានអំណរគុណ អនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តចំណុះគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វក-១៩) ព្រមទាំងការសហការ ពីអជ្ញាធរ មានសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ និងបុគ្គលិក សុខាភិបាលទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូន ប្រជាពលរដ្ឋកម្ពុជាកន្លងមក និងដែលបានផ្តល់ធាតុ ចូលក្នុងការកសាងផែនការ ដ៏មានសារសំខាន់នេះ ៕

To Top
×