ព័ត៌មានជាតិ

ប.ស.ស. បើកកិច្ចប្រជុំ លើកទី៩ អាណត្តិទី១ របស់ខ្លួន ដើម្បីពិភាក្សា លើរបៀបវារៈសំខាន់ៗ ដែលបានគ្រោងទុក

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះបានបើកកិច្ចប្រជុំលើកទី៩ អាណត្តិទី១ របស់ខ្លួន ដើម្បីពិភាក្សាលើ របៀបវារៈសំខាន់ៗមួយចំនួន ទៅតាមកម្មវិធីដែលបានគ្រោងទុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ពីសំណាក់​លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម ។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. នាព្រឹកនេះ ផ្តោតទៅលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១). សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សា​ ធនាភិបាលសន្តិសុខសង្គមនៃ ប.ស.ស.
២). ពិភាក្សាលើសំណើដែលទាក់ទង នឹងការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានា របស់គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (NPPIA)
៣). បញ្ហាផ្សេងៗ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ក្នុងឱកាសអញ្ជើញជាអធិបតីភាព​ ក្នុងកិច្ចប្រជុំដ៏សំខាន់នេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានស្នើដល់សមាជិក ក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅបន្ថែមទៀត ក្នុងន័យប្រមូលបាននូវធាតុចូលសំខាន់ៗ ដើម្បីឱ្យការរៀបចំអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធនាភិបាល សន្តិសុខសង្គមនៃ ប.ស.ស. ក៏ដូចជាការវិនិយោគលើសញ្ញាបណ្ណ មានបុគ្គលធានានៃគម្រោងខាងលើ ប្រកបដោយភាពត្រឹមត្រូវ និងកាន់តែមានលក្ខណៈល្អឡើង ធ្វើយ៉ាងណាឱ្យការអនុវត្ត ស្របទៅតាមគោលការណ៍នានា របស់រាជរដ្ឋាភិបាល ធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ឆ្លើយតបទៅនឹងគោលនយោបាយជាតិ គាំពារសង្គមកម្ពុជា។

គួរឱ្យដឹងផងដែរថា ការបង្កើតឱ្យមានអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សា ធនាភិបាលសន្តិសុខសង្គម នៃ ប.ស.ស. ក្នុងគោលបំណងដើម្បីគ្រប់គ្រងកិច្ចការវិនិយោគ មូលនិធិរបស់ផ្នែកនីមួយៗ នៃរបបសន្តិសុខសង្គម សំដៅធានាឱ្យបាននូវនិរន្តរភាព មូលនិធិសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

បន្ទាប់ពីបានប្រជុំពិភាក្សាពេញមួយព្រឹក ទាក់ទងទៅនឹងរបៀបវារៈសំខាន់ៗ ទាំងពីរខាងលើ ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានសម្រេចអនុម័តទាំងស្រុង ទៅលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គមនៃ ប.ស.ស. និងរៀបចំដាក់ជូន ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យសម្រេចបន្ត។ ដោយឡែករបៀបវារៈទីពីរ នឹងត្រូវលើកយកទៅពិភាក្សាបន្ត ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៅក្នុងពេលបន្ទាប់ ទៅតាមកម្មវិធីដែលបានកំណត់។

សូមបញ្ជាក់ថា ៖ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ពេញមួយព្រឹកនេះ ប្រព្រឹត្ត ទៅនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ដែលមានសមាសភាព ចូលរួមសរុបចំនួន ១១រូប៕

To Top
×