ព័ត៌មានជាតិ

អ្នកឧកញ៉ាឡេង ណាវ៉ាត្រា នាំយកថវិកា ១៥០០០ដុល្លារ លើកទឹកចិត្ត ដល់និស្សិតកម្ពុជា ២រូប ផលិត Drone ដឹកមនុស្សបានជោគជ័យ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោក ឧកញ៉ា ឡេង ប្រុស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បាននាំយកអំណោយ១៥០០០ ដុល្លារ ជាការលើកទឹកពីលោក​ ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និស្សិតកម្ពុជា ២រូប ដែលបានផលិត Drone ដឹកមនុស្សសម្រួល ដល់កិច្ចការពន្លត់អគ្គិភ័យ​ ដោយជោគជ័យ ដែលពិធីប្រគល់អំណោយនេះ បានធ្វើឡើង នៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ។

និស្សិតកម្ពុជាពីររូប ផលិតដ្រូនដឹកមនុស្ស ឬ Human Carrier Drone ដោយជោគជ័យជាកិច្ចសហការ ​រវាងលោក ឡុញ វ៉ាន់សិទ្ធ និស្សិតឆ្នាំទី៤ ផ្នែកវិស្វកម្មអេឡិចត្រូនិក និងលោក ជ្រោយ សុធារ៉ា និស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មមេកានិក ដែលពួកគេទាំងពីររូប កំពុងសិក្សានៅវិទ្យាស្ថានជាតិ ពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ។ ការផលិតឡើងនោះ ក្នុងគោលបំណងសិក្សា និងចង់ចូលរួមចំណែក រំលស់បញ្ហាកកស្ទះចរាចរណ៍ និងសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យ លើអគារខ្ពស់ៗជាដើម។

លោក​ ហេង សួរ រដ្ឋលេខាធិការ បានកោតសរសើរ​ និងលើកទឹកចិត្តលើភាពវ័យឆ្លាត របស់ក្រុមនិស្សិតដែលបានផលិត Drone អាចដឹកមនុស្សបាននោះជាខ្លាំង ហើយក្នុងនោះលោក បានណែនាំឲ្យពួកគេ ព្យាយាមសិក្សាបន្ថែមទៀតលើ ការផលិត Droneនេះ ដើម្បីឲ្យកាន់តែមានគុណភាព។

ផ្ទាំងពាណិជ្ជកម្ម

ជាការលើកទឹកដល់ក្រុមនិស្សិតទាំងនោះ លោក ហេង សួរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោកឧកញ៉ា ឡេង ប្រុស បានឧបត្ថម្ភទឹកប្រាក់ម្នាក់​ ៥០០០ដុល្លារ ដែលសរុបថវិកាទាំងអស់ មានចំនួន១៥០០០ ដុល្លារ ជូនដល់ក្រុមនិស្សិត ដែលបានផលិត​ Drone នោះផងដែរ។ លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិ​ពហុបច្ចេកទេសកម្ពុជា ស្តីពីវឌ្ឍន:ភាពរបស់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា បានស្វាគមន៍ ក្នុងការទទួលនិស្សិតដែលអ្នកឧកញ៉ា គ្រោងនិងបញ្ជូនមកនោះ ដោយក្ដីរីករាយ។

ក្រៅពីការលើកទឹកចិត្ត ទាំងការផ្ដល់ជាគំនិត ក៏ដូចជាប្រាក់កាស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានបំណងចង់ ឲ្យសិស្សនិស្សិតដែល អ្នកឧកញ៉ា គ្រោងផ្ដល់អាហារូបករណ៍ ១៥០កន្លែង សម្រាប់ឆ្នាំសិក្សាថ្មីខាងមុននេះ អាចជ្រើសរើសមកចូលសិក្សា នៅវិទ្យាស្ថានខាងនេះផងដែរ។

គូរបញ្ជាក់ផងដែរថា Drone ដឹកមនុស្សដែលក្រុមនិស្សិត នៅវិទ្យាស្ថានជាតិ ពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ផលិតឡើងនេះមានទម្ងន់សរុប ១២៥ គីឡូក្រាម មានកៅអី ១ ដៃបែកខ្នែងជា ៤ បំពាក់ស្លាបចំនួន ៨ វាមានសមត្ថភាព ផ្ទុកទម្ងន់មនុស្ស ៦០ គីឡូក្រាមចុះក្រោម និងអាចហោះត្រឹមកម្ពស់ពី ៥-៦ ម៉ែត្រ និងចម្ងាយប្រមាណ ១០០ ម៉ែត្រ ខណៈវាស្ថិតក្នុងដំណាក់កាលសាកល្បង និងបន្ដអភិវឌ្ឍបន្ថែមទៀត។ ស្នាដៃរបស់និស្សិតកម្ពុជាខាងលើនេះ ក៏ទទួលបានការចាប់អារម្មណ៍ ពីបណ្ដាញសារព័ត៌មានអន្តរជាតិល្បីៗ ជាច្រើនផងដែរ៕

To Top
×