ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ចុះពិនិត្យការអនុវត្តវិធានការ ទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩ នៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យការអនុវត្តវិធានការ ទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ របស់អាជ្ញាធរ ស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ដោយសារមួយរយៈចុងក្រោយនេះ មាន ការឆ្លងជំងឺកូវីដ១៩ កើនឡើង ក្នុងស្រុកចំការលើ និងស្រុកស្ទឹងត្រង់គួរឲ្យព្រួយបារម្ភ ជាពិសេសគឺផ្ទុះចេញពីទីប្រជុំជនផ្សារតែម្ដង ។ ដូច្នេះហើយ ទើបរដ្ឋបាលខេត្ត បានដាក់នូវវិធានការ មួយចំនួន ដើម្បីឲ្យអាជ្ញាធរក្រុង-ស្រុកទាំងអស់ អនុវត្តវត្តទប់ស្កាត់កុំឲ្យជំងឺកូវីដ១៩ នេះ រីករាលដាលបន្តទៀត ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានណែនាំអាជ្ញាធរមូលដ្ឋាន ឲ្យផ្អាក ការធ្វើតេស្តរហ័ស ដោយត្រូវយកសំណាកអ្នកជាប់សង្ស័យ ទៅពិនិត្យ PCR តាមរយៈម៉ាស៊ីនពិនិត្យក្នុងមន្ទីរពេទ្យខេត្តតែម្តង ដែលប្រើរយៈពេល ១ថ្ងៃ នឹងឃើញលទ្ធផល ប៉ុន្តែបើសង្ស័យថាប្រភេទ ដែលតា ត្រូវបញ្ជូនសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ លទ្ធផលអាចប្រើរយៈពេល ៣ថ្ងៃ ។

លោកអភិបាលខេត្ត បានណែនាំបន្ថែមថា អាជ្ញាធរមូលដ្ឋាន ត្រូវចេះស្រាវជ្រាវរកប្រភពមូលហេតុ នៃការឆ្លងឲ្យបានច្បាស់លាស់ និងដាក់វិធានការគ្រប់គ្រងបន្ទាន់ ដោយមន្ត្រី ពាក់ព័ន្ធត្រូវសហការរួមគ្នា ធ្វើយ៉ាងណាក៏ដោយ កុំឲ្យជំងឺនេះរាលដាលតទៅទៀត ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×