នយោបាយ

លោក គង់ គាំ និងលោក អ៊ូ ច័ន្ទរ័ត្នជួបគ្នា និយាយពីការរួបរួមបក្សថ្មីៗ ចេញពីប្រភពអតីត CNRP

ភ្នំពេញ៖ ជាលើកដំបូងហើយដែលលោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ និងលោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា បានជួបគ្នា ក្រោយពីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណបក្ស លោកអ៊ូ ច័ន្ទរ័ត្ន ធ្វើសកម្មភាពជាផ្លូវការ បន្ទាប់ពីបំពេញបែបបទគ្រប់ជ្រុងជ្រោយ ដើម្បីពិភាក្សាលើការរួបរួមគ្នា របស់គណបក្សនយោបាយថ្មីៗ ដែលកើតចេញពីអតីតគណបក្សសង្រ្គោះជាតិ (CNRP)។

ជំនួបនេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នាទីស្នាក់កណ្តាលគណបក្សឆន្ទៈខ្មែរ ។ នេះបើតាមការបង្ហាញរបស់លោក គង់ ម៉ូនីកាប្រធានគណបក្សឆន្ទៈខ្មែរ។

លោក គង់ ម៉ូនីកា បានឲ្យដឹងថា “លោកទាំង២ គង់ គាំ និង លោក អ៊ូ ច័ន្ទរ័ត្នបានពិភាក្សាគ្នា អំពីគំនិតរកការរួបរួម របស់គណបក្សនយោបាយថ្មីពីប្រភពអតីតCNRP និងពីគណបក្សនយោបាយមានគោលការណ៍ ប្រជាធិបតេយ្យផ្សេងៗទៀត ជាកម្លាំងរួម ដើម្បីប្រកួតប្រជែង ជាមួយគណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងអំណាចជាឯកបក្ស ពីឆ្នាំ២០១៨កន្លងមក” ។

លោកបន្តថា ការផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ និងពោរពេញដោយការទទួលខុសត្រូវខ្ពស់ បានផ្តោតលើពេលវេលា និងភាពទូលំទូលាយសម្រាប់សម្រេច ឲ្យបាន(រូបភាពកំរិតខ្ពស់/ជាកម្លាំងក្រោមដំបូលតែមួយ) ហាក់នៅឆ្ងាយពីការរំពឹងទុក។

ប៉ុន្តែលោកទាំងពីរយល់ឃើញថា តាមការជាក់ស្តែង រូបភាពកំរិតបឋម/ការរួបរួមជាជំហ៊ានៗពី”សមាគមគណបក្សនយោបាយ ដើម្បីពហុបក្ស” នៅឆ្នាំ២០២២ និងនៅឆ្នាំ២០២៣ សម្រាប់ការលើកមតិផង និងសំណើរួមដល់ស្ថាប័នច្បាប់ និងស្ថាប័នរៀបចំការបោះឆ្នោត បង្កភាពវិជ្ជមានដល់របបប្រជាធិបតេយ្យ សេរីពហុបក្ស ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានខែមុន លោក អ៊ូ ច័ន្ទរ័ត្ន បានប្រកាសពីការកៀរគងអតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ ចេញទៅបង្កើតបក្សថ្មីៗជាបន្តបន្ទាប់មកជាធ្លុងមួយ ដើម្បីប្រកួតជាមួយបក្សកាន់អំណាច ។ គំនិតនេះ លោកគង់ គាំបានប្រកាសគាំទ្រពេញទំហឹង ៕

To Top
×