នយោបាយ

លោក សាម អ៊ីនថា លោកអ៊ូ ច័ន្ទរ័ត្ន បង្កើតបក្សថ្មី ដោយសារមិនចង់ដេករង់ចាំឱកាស

ភ្នំពេញ ៖ ក្រោយបានជួបលោក អ៊ូ ច័ន្ទរ័ត្ន ដែលជាតំណាង និងជាស្ថាបនិកគណបក្ស​ កែទម្រង់កម្ពុជា លោក សាម អ៊ីន អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) ហាក់បានលើកសរសើរ លោក អ៊ូ ច័ន្ទរ័ត្នថា ជាការល្អដោយលោកបានបង្កើតបក្សថ្មី ដោយសារមិនចង់ចំណាយ ពេលវេលារង់ ចាំឱកាសណាមួយ។

ឱកាសលោកសាម អ៊ីនថានោះ គឺចង់សំដៅដល់អតីតគណបក្សសង្រ្គោះជាតិ ព្រោះមានមន្រ្តីផ្សេងទៀត របស់អតីតបក្សនេះ ជាពិសេសលោក សម រង្ស៊ី តែងតែអះអាងថា បក្សខ្លួននឹងអាចបើកដំណើរការឡើងវិញ ក្រោយតុលាការរំលាយកាលពីចុងឆ្នាំ២០១៧ ។

បើតាមហ្វេសប៊ុករបស់លោក សាម អ៊ីនេះ “ថ្ងៃនេះ៣០ កញ្ញា ក្រុមការងារគបម បានជួបពិគ្រោះយោបល់ជាមួយក្រុមការងារគណបក្សកែទម្រង់កម្ពុជា ដែលមានបង អ៊ូ ច័ន្ទរ័ត្ន ជាតំណាង និងជាស្ថាបនិក។ ឯឧ អ៊ូ ច័ន្ទរ័ត្ន ជាអតីតមន្រ្តីជាន់ខ្ពស់របស់អតីត CNRP និងអតីតអ្នកតំណាងរាស្រ្ត បានសម្រេចបង្កើតជម្រើសថ្មី ដោយមិនដេករង់ចាំឱកាសទេ” ។

លោកថា ក្នុងជំនួបនោះ បានពិភាក្សាគ្នាអំពីស្ថានការណ៍នយោបាយ បច្ចុប្បន្ននិងទៅអនាគត និងពិគ្រោះយោបល់ អំពីរូបមន្ត ក្នុងការសហការរវាងអ្នកស្រឡាញ់ ប្រជាធិបតេយ្យ ដែលមានចក្ខុវិស័យចង់ បានការផ្លាស់ប្តូរដោយសន្តិភាព នៅកម្ពុជា។

លោក សាម អ៊ីបន្តថា ស្ថានការណ៍នយោបាយបច្ចុប្បន្ន មានអ្នកដេកចាំ និងអ្នកខំប្រឹងដាំចេកថែទាំឲ្យលូតលាស់បន្តិចម្តងៗ។ លោកថា នេះជាស្ថានភាពពិតជាក់ស្តែង ដែលត្រូវតែទទួលយក ការពិត ដើម្បីស្វែងរកផ្លូវត្រឹមត្រូវ ក្នុងការបន្ត ដំណើរទៅមុខទៀតក្រោយព្យុះ សង្ឃរាដ៏ធំមួយដែលបោកបក់ នៅចុងឆ្នាំ២០១៧ ៕

To Top
×