ព័ត៌មានជាតិ

ក្រសួងធនធានទឹក ជូនដំណឹងដល់ពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែន ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹង អាជ្ញាធរដែនដី និងសាធារណជន ពិសេសប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែន សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។

បើតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក បាននៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងបន្តទទួលរង​ នូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីមធ្យម ហើយបន្តទៅមុខទៀត នឹងទទួលឥទ្ធិពលផ្សេងៗថែមទៀត ។

ស្ថានភាពបែបនេះ ធ្វើឱ្យក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកមាន ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ នៅ តំបន់ផ្ទៃរងទឹកភ្លៀងរបស់ខេត្តព្រះវិហារ ដែលជាប្រភពដើមរបស់ស្ទឹងសែន បណ្តាលឲ្យកើតមានជាជំនន់ទឹកភ្លៀង ហើយទឹកនេះ នឹងបន្តហូរធ្លាក់មកខេត្តកំពង់ធំ តាមរយៈស្ទឹងសែន។

យោងតាមការពិនិត្យកម្ពស់ទឹកនៅស្ថានីយជលសាស្ត្រតាមដងស្ទឹងសែន នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ឃើញថា៖

-នៅស្ថានីយស្ពានដូនម៉ា-ឃុំរក្សា ខេត្តព្រះវិហារ ទឹកមានកម្ពស់ ១៣,៥៨ ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិលមិញ ០,៣៤ម៉ែត្រ។
-នៅស្ថានីយសណ្តាន់ ខេត្តកំពង់ធំ ទឹកមានកម្ពស់ ១៨,២៦ម៉ែត្រ ខ្ពស់ជាងថ្ងៃម្សិល មិញ ០,១០ម៉ែត្រ។
-នៅស្ថានីយខេត្តកំពង់ធំ ទឹកមានកម្ពស់ ១៣,៣១ម៉ែត្រ ទឹកនៅនឹង៕

To Top
×