ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យពលរដ្ឋបង្កើន ការប្រុងប្រយ័ត្ន អំឡុងពេលឈប់សម្រាក ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវប្រកាន់ភ្ជាប់ វិធានការសុខាភិបាល (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ក្នុងអំឡុងពេលឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខ ត្រូវប្រកាន់ខ្ជាប់វិធានការសុវត្ថិភាពផ្នែកសុខាភិបាល ពិសេស ៣កុំ ៣ការពារ។

ថ្មីៗនេះរាជរដ្ឋាភិបាល បានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយរក្សាការឈប់សម្រាក ចំនួន៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ តាមប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១ ដដែល។

យោងតាមសារាចររបស់រាជរដ្ឋាភិបាល នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ននៅក្នុងអំឡុងពេលឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ពិសេស វិធានការ ៣កុំ ៣ការពារ ព្រមទាំងត្រូវគោរពវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុម គ្រួសារពីការឆ្លងមេរោគកូវីដ-១៩»។

ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានលើកឡើងថា នៅក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ ក្រសួង-ស្ថាប័ន និងវិស័យឯកជន ពិសេស បណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្ម ដែលមានកម្មករ-និយោជិត និងបុគ្គលិកបម្រើការងារច្រើន ព្រមទាំងគ្រឹះស្ថានសិក្សានានា ត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័សចំពោះមន្ត្រីរាជការ កម្មករ-និយោជិត និងបុគ្គលិក និងបុគ្គលិកអប់រំ ដើម្បីធានាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាម ក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សា និងបណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្មនានា៕

To Top
×