ព័ត៌មានជាតិ

រដ្ឋមន្ដ្រីការងារ ៖ ការធ្វើតេស្ដរហ័សរកកូវីដ-១៩ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនផាកពិន័យ

ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនផាកពិន័យ ទៅលើម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតឡើយ។

យោងតាមសេចក្ដីណែនាំបន្ថែមរបស់ ក្រសួងការងារ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ លោក អ៊ិត សំហេង បានឲ្យដឹងថា ការធ្វើតេស្ដរហ័រកមេរោគកូវីដ-១៩ ដល់កម្មករនៅទូទាំងប្រទេស ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ ២០២១ ដើម្បីចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស។

លោក បានបន្ដថា ក្រសួងលើកទឹកចិត្តឱ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រៀមឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ សម្រាប់ធ្វើតេស្តរកមេរោគកូវីដ ១៩ ដល់កម្មករនិយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១។

លោក បានបញ្ជាក់ថា «ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នេះ គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការផាកពិន័យទៅលើម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតឡើយ»។

លោក ក៏បានដល់កម្មករនិយោជិតដែលបានឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសពាក់ម៉ាស់ លាងដៃញឹកញាប់នឹងសាប៊ូ រក្សាគម្លាតសុវត្ថិភាពបុគ្គលក្នុងពេលធ្វើដំណើរដោយរថយន្តរួម និងត្រូវយកតាមខ្លួននូវទឹកអាល់កុល ឬជែលលាងដៃ។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី បានជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ នឹងអនុវត្តតាមសេចក្តីណែនាំបន្ថែមនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

To Top