ព័ត៌មានជាតិ

អភិបាលរាជធានី ឲ្យពង្រឹងវិធានការ ការពារពេលចេញ-ចូល ភ្នំពេញ ក្នុងឱកាសបុណ្យភ្ជុំ

ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បើកអង្គប្រជុំតាមប្រពន្ធ័ Video Conference បន្ទាន់មួយ នាព្រឹកថ្ងៃទី៤ ខែតុលានេះ សំដៅពង្រឹងការអនុវត្តសារាចរ ស្ដីពីការពង្រឹងវិធានការគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អំឡុងពេល និងក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។

ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលរាជធានីភ្នំពេញ បានបង្ហាញពីការព្រួយបារម្ភ ចំពោះការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ស្របពេលដែលបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅភ្ជុំនៅស្រុកកំណើត ដែលទាមទាត្រូវពង្រឹងការទប់ស្កាត់ ការីករាលដាលនៃជំងឺកូវីដ-១៩ និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក ឲ្យបានម៉ត់ចត់ ជាពិសេសតាមច្រកចេញ-ចូល រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងថា “រាជរដ្ឋាភិបាលក្រោម ការដឹកនាំប្រកបដោយគត្តិបណ្ឌិត របស់សម្តេចតេជោហ៊ុន សែន បានចំណាយធនធានច្រើនណាស់ ក្នុងគោលដៅទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ និងដោះស្រាយជីវភាពប្រជាពលរដ្ឋ តាមតំបន់បិទខ្ទប់ជាដើម។ ការនឿយហត់របស់យើង គឺជាពលីកម្មដ៏មានតំលៃ ដើម្បីសុខមាលភាព ប្រជាពលរដ្ឋយើង”។

ជាពិសេសនោះ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំទៅគណៈបញ្ជាការខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ពន្ធ័ ត្រូវពង្រឹងវិធានការការពារ ឲ្យបានម៉ត់ចត់បំផុត រួមទាំងវិធានការអប់រំ នៅតាមបេនឡាន តាមច្រកចេញចូលរាជធានីភ្នំពេញ ឬកាត់បន្ថយ ការប្រើប្រាស់មធ្យោបាយ ធ្វើដំណើររួម ឬបន្ថយចំនួនមនុស្សជិះ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន វិធានការ៣កុំ៣ការពារ ពិសេសនៅពេលបងប្អូនវិលត្រឡប់ ពីស្រុកកំណើតវិញ អាជ្ញាធរនឹងធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ដើម្បីបង្ការទប់ស្កាត់ការឆ្លងកូវីដ-១៩ ចូលក្នុងរោងចក្រសហគ្រាស ក្នុងរាជធានីភ្នំពេញ នឹងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋ ចេះការពារខ្លួនឯង និងក្រុមគ្រួសារខ្លួន។

លោក ឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរធម្មការនិងសាសនា ក៏ដូចអាជ្ញាធរខណ្ឌពង្រឹងវិធានការ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងញែកកុំអោយមានការប្រមូលផ្តុំមនុស្សច្រើន តាមទីអារាមនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បន្តពង្រឹងវិធានការការពារ តាមក្លឹបកំសាន្ត,បៀហ្គាដិន,ខេធីវី,និងទីតាំងប្រមូលផ្តុំមនុស្សច្រើន ដែលអាជ្ញាធរ ធ្លាប់បានបិទខ្ទប់កន្លងមក ត្រូវបន្តអនុវត្តវិធានការ សុខាភិបាលជាបន្តទៀត ហើយបើហាង ផឹកស៊ីជួបជុំណាមួយ ល្មើសការណែនាំ ត្រូវបិទជាបន្ទាន់ហើយម្ចាស់ហាង ម្ចាស់ទីតាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×