ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភអាហារ និងថវិកា ដល់សមាជិក សាខាគណបក្សប្រជាជន សាលាក្រុងព្រះសីហនុ ជាការលើកទឹកចិត្ត ចំពោះការខិតខំ បំពេញភារកិច្ច

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ បានឧបត្ថម្ភម្ហូបអាហារចម្រុះនិងថវិកា ជូនដល់មន្ត្រីដែលជាសមាជិក សមាជិការ សាខាគណបក្សប្រជាជន សាលាក្រុងព្រះសីហនុ និងមន្ត្រីមូលដ្ឋាន ភូមិ សង្កាត់ក្នុងសង្កាត់លេខ២ ព្រមទាំងប្រជាការពារសង្កាត់លេខ២ ក្រុងព្រះសីហនុ សរុបជិត១០០នាក់ ដើម្បីលើកទឹកចិត្តចំពោះការខិតខំ បំពេញភារកិច្ចក្នុងមូលដ្ឋានកន្លងមក ទាំងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់ ទូទៅជាមួយរដ្ឋបាលក្រុង។

ជំនួយនេះលោកឧកញ៉ា ​​ទៀ វិចិត្រ​ រៀបចំផ្តល់ជូន មុនពេលពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងនោះម្នាក់ៗទទួលបានម្ហូបអាហារចម្រុះ​ រួមមានអង្ករ២៥គីឡូក្រាម មីមួយកេស ទឹកត្រីមួយយួរ ត្រីខកំប៉ុង១២កំប៉ុង ប្រេងឆាមួយដបធំ និងថវិកាចំនួន៥ម៉ឺនរៀល។

ក្រៅពីនេះលោកឧកញ្ញា ទៀ វិចិត្របានឧបត្ថម្ភថវិកា​ ចំនួន៥លានរៀលទៀត តាមរយៈលោកស្រី ឈុន ដារី ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំសាលាក្រុងព្រះសីហនុ សម្រាប់ប្រើប្រាស់ ក្នុងសាខាគណបក្សសាលាក្រុង និងប្រកាសឧបត្ថម្ភសម្លៀកបំពាក់ ដល់កម្លាំងប្រជាការពារទាំងអស់ ក្នុងសង្កាត់លេខ២ តាមការស្នើសុំ របស់លោកស្រីចៅសង្កាត់លេខ២ ក្រុងព្រះសីហនុផងដែរ។

ក្នុងឱកាសនោះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីលោក ជាម ហ៊ីម ប្រធានគណបក្ស​ ប្រជាជនកម្ពុជា​ ខេត្តព្រះសីហនុ និងលោក គួច ចំរើន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ចំពោះបងប្អូនទាំងអស់ និងជូនពរសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ មានសុខភាពល្អ ជោគជយ័គ្រប់ភារកិច្ច ។

ក្នុងនោះដែរ លោកស្រីឈុន ដារី ក្នុងនាមសមាជិក សមាជិការ សាខាគណបក្ស ប្រជាជនសាលាក្រុងព្រះសីហនុ មន្ត្រីមូលដ្ឋាន ភូមិ សង្កាត់ក្នុងសង្កាត់លេខ២ និងប្រជាការពារសង្កាត់លេខ២ ក្រុងព្រះសីហនុ បានគោរពថ្លែងអំណរគុណ ជូនលោកឧកញ៉ា​ ទៀ វិចិត្រ និងលោកស្រី ដែលបានឧបត្ថម្ភជំនួយនេះ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ៕

To Top
×