ព័ត៌មានជាតិ

ឪពុកតិរច្ឆាន ចាប់រំលោភ កូនស្រីបង្កើត អាយុ១៤ឆ្នាំ រហូតមានផ្ទៃពោះ ត្រូវជាប់ខ្នោះ!

ភ្នំពេញៈ​ បុរសម្នាក់ ត្រូវ​បានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលស្រុកពញាឮ និង បានបញ្ជូនទៅតុលាការខេត្តកណ្ដាល កាលពីថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២១នេះ  ដើម្បីចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធ ការចាប់រំលោភសេពសន្ថវ: ទៅលើ កូនស្រីបង្កើតខ្លួនឯង រហូតមានផ្ទៃពោះ  ជាច្រើនខែ ប្រព្រឹត្ត នៅភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកពញាឮ បានអោយដឹងថា បុរសសង្ស័យ រូបនេះ មានឈ្មោះ យ៉េន ក្តុល ភេទប្រុស អាយុ ៣៦ឆ្នាំ  មុខរបរ កសិករ ទីលំនៅភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល (ជាឪពុកបង្កើត)។

ចំណែកឯ ជនរងគ្រោះ  ជាកុមារី អាយុ ១៤ មុខរបរ សិស្ស ស្នាក់នៅជាមួយជនរងគ្រោះ នៅចំណុចកើតហេតុខាងលើ និងត្រូវជាកូនបង្កើត របស់ជនសង្ស័យ។

ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២១ តាមបណ្តឹងរបស់ប្រពន្ធរបស់គាត់ ឈ្មោះ ពៅ ចិន បន្ទាប់ពីគាត់បានចាប់រំលោភ កូនស្រី បង្កើត មានផ្ទៃពោះ ជាច្រើនខែ។

មន្ត្រីនគរបាលជំនាញ បានអោយដឹងថា នៅពេលឃាត់ខ្លួន និង សួរចម្លើយនៅដំណាក់កាល មន្ត្រីនគរបាលយុត្តិធម៌, ជនសង្ស័យឈ្មោះ យ៉េន ក្តុល បានឆ្លើយសារភាពថា គាត់ពិតជាបានចាប់ រំលោភសេពសន្ថវ: ជនរងគ្រោះមែន  គឺ នៅពេលដែលប្រពន្ធរបស់ខ្លួន មិននៅផ្ទះ ។

ករណីនេះ,  ជនសង្ស័យខាងលើ ត្រូវបានជាប់ចោទពីបទ” រំលោភសេពសន្ថវ: មានស្ថានទម្ងន់ទោស” និងដែលអាចប្រឈមនឹងការជាប់ពន្ធនាគារពី ០៧ ឆ្នាំ ទៅ ១៥ ឆ្នាំ ប្រសិនបើ តុលាការ រកឃើញពីពិរុទ្ធភាព៕ ដោយ រស្មី អាកាស

To Top