ព័ត៌មានជាតិ

កម្ពុជា មានឆន្ទៈខ្ពស់ការពារសិទ្ធិមនុស្ស ដែលស្ដែងចេញ​ យ៉ាងច្បាស់ តាមរយៈការផ្ដល់សច្ចាប័ន

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា កម្ពុជាមានឆន្ទៈខ្ពស់ចំពោះការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ដែលបានស្តែងចេញយ៉ាងច្បាស់ តាមរយៈការផ្តល់សច្ចាប័ន។

ការលើកឡើងរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បែបនេះ ឆ្លើយតបទៅនឹងការរិះគន់ និងរបាយការណ៍ចោទប្រកាន់ដោយលំអៀង និងគ្មានមូលដ្ឋានរបស់ក្រុម និងអង្គការស្ថាប័នមួយចំនួន ដែលមាននិន្នាការ នយោបាយប្រឆាំងនឹងរដ្ឋាភិបាល។

យោងតាមសេចក្ដីជូនព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មាន១៣ទំព័រ ចេញផ្សាយនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា «កម្ពុជាមានឆន្ទៈខ្ពស់ចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដែលបានស្តែងចេញយ៉ាងច្បាស់តាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ចំនួន៨ ក្នុងចំណោម៩ ដែលធ្វើឱ្យប្រទេសមួយនេះ ក្លាយជាប្រទេសមួយលេចធ្លោ និងឈានមុខគេក្នុងតំបន់ ក្នុងនាមជាភាគីសន្ធិសញ្ញ សិទ្ធិមនុស្សអន្តរជាតិ»។

គណៈកម្មាធិការសិទ្ធិមនុស្ស បានបន្ដថា កម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងគ្រប់យន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាមួយ នឹងស្ថាប័នសន្ធិសញ្ញាផ្សេងៗទៀត។ ឧទាហរណ៍ ចាប់តាំងពីឆ្នាំ១៩៩៣ កម្ពុជា ជាប្រទេសតែមួយគត់ក្នុង តំបន់អាស៊ានដែលបានស្វាគមន៍ ទាំងវត្តមានអ្នករាយការណ៍ពិសេស ព្រមទាំងការិយាល័យឧត្តមស្នងការទទួល បន្ទុកសិទ្ធិមនុស្ស ដើម្បីត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយដែលអាណត្តិអ្នករាយការណ៍ពិសេស និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានអនុញ្ញាតឱ្យបន្តជាបន្តបន្ទាប់រហូតមក ដល់បច្ចុប្បន្ន។ លើសពីនេះ កម្ពុជា ក៏មិនដែលបានបដិសេធចំពោះសំណើទស្សនកិច្ចរបស់អ្នករាយការណ៍ ពិសេសណាមួយឡើយ។

ជាងនេះទៅទៀត គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានលើកឡើងថា ក្នុងស្ថានភាពកូវីដ-១៩ រដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងយន្តកានានា រួមទាំងការផ្តល់នូវលំហូរសាច់ប្រាក់ និងជំនួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋនិងគ្រួសារ ដែលរង ផលប៉ះពាល់ពីកូវីដ-១៩ ក្នុងគោលដៅការពារនូវជីវិតរបស់ពលរដ្ឋ សុខភាព និងជីវភាពរស់នៅរបស់ពលរដ្ឋ៕

To Top