Covid-19

កម្ពុជា ប្រាប់រដ្ឋមន្ដ្រីអាស៊ានថា ត្រូវរៀនរស់នៅ ប្រក្រតីភាពថ្មី មិនត្រូវជាប់គាំង ក្នុងប្រអប់កូវីដ-១៩

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងប្រធានគណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានប្រាប់រដ្ឋមន្ត្រីសុខាភិបាលអាស៊ានថា ត្រូវរៀនរស់ នៅប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ-១៩ ដែលវិវត្តន៍បម្លែងខ្លួនថ្មី ហើយមិនត្រូវជាប់គាំងក្នុងប្រអប់កូវីដ-១៩ឡើយ។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាល។

ក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រី សម្រាប់អាស៊ានឌីជីថលសុខភាពសាធារណ ក្រោមប្រធានបទ «សហការដើម្បីសុខភាព និងក្តីរីករាយកាន់តែប្រសើរឡើង នៅលើសាកលលោក ក្រោយពីការរាតត្បាតជំងឺ» នាថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ពីសារៈសំខាន់បំផុត ដែលមិនអាចខ្វះបាននូវភាពដឹកនាំដ៏ខ្លាំង ចំទិសដៅ រហ័សរហួន និងវៃឆ្លាតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការឆ្លើយតបដាក់ចេញវិធានការបត់បែន សំដៅគ្រប់គ្រងបានល្អនូវស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា។

លោកស្រី បានលើកបង្ហាញពីភាពជោគជ័យរបស់កម្ពុជា ក្នុងការអនុវត្តន៍គោលនយោបាយ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស និងលទ្ធផលសម្រេចបាន លើកិច្ចការដ៏សំខាន់នេះ នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។ លោកស្រី ការគ្រប់គ្រងការងារ និងទិន្នន័យតាមប្រព័ន្ធឌីជីថល ក៏ត្រូវបានលើកឡើងជាបែប បទពិសោធន៍មួយផ្នែករបស់កម្ពុជា។

លោកស្រី បានបញ្ជាក់ថា «ការដឹកនាំខ្លាំង និងដាក់ចេញយន្តការត្រឹមត្រូវ ព្រមទាំងការវិនិយោគលើវិស័យសុខភាពសាធារណៈនេះ និងការពង្រឹងប្រព័ន្ធសុខាភិបាល នៃប្រទេសសមាជិកអាស៊ាន មិនត្រូវមើលរំលងឡើយ នៅក្នុងផែនការ ត្រៀមលក្ខណ:តទៅមុខទៀត សម្រាប់ឆ្លើយតបការរាតត្បាតនាពេលខាងមុខ ហើយយើងត្រូវរៀនរស់នៅ ក្នុងប្រក្រតីភាពថ្មី ក្នុងបរិបទដែលវីរុសកូវីដ-១៩ វិវត្តន៍បម្លែងខ្លួន ដោយយើងមិនអាចនឹងសម្លាប់ បានអស់នោះឡើយ យើងមិនត្រូវជាប់គាំង ក្នុងប្រអប់កូវីដ-១៩ ហើយយើងត្រូវត្រួតត្រាកូវីដ-១៩ ជាជាងទុកឲ្យកូវីដ-១៩ ត្រួតត្រាជីវិតរស់នៅប្រចាំថ្ងៃរបស់យើឡើយ»។

លោកស្រី បានបន្ដថា ការរៀនរស់នៅ ជាមួយនឹងការបន្តកិច្ចការ ពារការចម្លងរោគ ជាប្រធានបទសម្រាប់យកទៅគិត និងរៀបចំខ្លួន ដោយត្រៀមលក្ខណ:ទុកជាមុន ជាមួយនឹងការវាយតម្លៃហានិភ័យ បន្ធូរបន្ថយវិធានការ និងជំរុញការចាក់វ៉ាក់សាំងឲ្យបានលឿន ប្រជាជនជាច្រើនទទួលបានវ៉ាក់សាំង និងបានគ្រប់ប្រទេសផងដែរ៕

To Top
×