នយោបាយ

យឹម ស៊ីណន៖ គេចោទខ្ញុំជាជនក្បត់ កូនយួន ជនលក់ក្បាល ជាមនុស្សរបស់ ហ៊ុន ម៉ាណែត និងជាគិញរបស់សម្តេច ហ៊ុន សែន (Video)

ភ្នំពេញ៖ លោក យឹម ស៊ីណន ដែលជាអតីតប្រធានចលនា របស់អតីតគណបក្សសង្រ្គោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង ក្រោយបានស្នើសុំកិច្ច អន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជារួចមក លោកអះអាងថា ខ្លួនត្រូវបានក្រុមមួយទៀត នៃអតីតបក្សប្រឆាំងនេះ ចោទប្រកាន់ថា ជាជនក្បត់ ជាកូនយួន ជាជនលក់ក្បាល ជាមនុស្សរបស់លោក ហ៊ុន ម៉ាណែត និងជា គិញ របស់សម្តេចតេជោ ហ៊ុន សែនជាដើម ។

ចំពោះការចោទប្រកាន់ទាំងនេះ លោកបានតបទៅវិញតាមរយៈ បណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា បើគ្រាន់ជាការចោទប្រកាន់ លាបពណ៌ដែលកើតចេញការឈ្នានីស ឬអគតិនិយម លោកក៏សប្បាយចិត្ត នឹងស្ពាយវាជាប់ខ្លួនដែរ។

ហ្វេសប៊ុកលោក ស៊ីណន នៅថ្ងៃ៨ តុលានេះ បន្តថា “យឹម ស៊ីណនជាជនក្បត់, ជាកូនយួន, ជាជនលក់ក្បាល, ជាមនុស្សរបស់ ហ៊ុន ម៉ាណែត, ជាគិញរបស់ហ៊ុន សែន។ល។ និង។ល។ បើគ្រប់ការចោទប្រកាន់ទាំងនេះ វាស្តែងចេញពីទឹកចិត្តស្នេហាជាតិពិតៗរបស់ពួកគេ នោះពួកអ្នកនឹងស្តាយ ក្រោយជាក់ជាមិនខាន។ ប៉ុន្តែបើគ្រាន់ជាការចោទប្រកាន់ លាបពណ៌ដែលកើតចេញការឈ្នានីស ឬអគតិនិយម ខ្ញុំក៏សប្បាយចិត្តនឹងស្ពាយវាជាប់ខ្លួនដែរ ធ្វើម៉េចបើជាតិសាសន៍យើង បង្កើតមនុស្សប្រភេទនេះច្រើនពេក បានជាធ្វើឲ្យជាតិយើងបែកបាក់ខ្ទេចខ្ទីទឹកដីរេចរឹល រួមតូចសល់ត្រឹមប៉ុនបាតដៃដូចសព្វថ្ងៃ” ។

សូមបញ្ជាក់ថា កាលពីថ្ងៃ២៩ កញ្ញា លោក យឹម ស៊ីណន រួមជាមួយសមាជិក៩រូបផ្សេងទៀត បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អន្តរាគមន៍លើកលែងការ ចោទប្រកាន់លើរូបលោក និងសហការីរបស់លោក ជាច្រើនរូបផ្សេងទៀតពីតុលាការកម្ពុជា ។ ក្រោយឃើញស្នើសុំនេះ សម្តេចតេជោបានសម្រេច ទទួលយកលិខិតតែម្តង ។

លោក យឹម ស៊ីណន រួមជាមួយសហការី ៩រូបផ្សេងទៀត ដូចជាលោក ថុង ហួច និងកញ្ញា រស់ សុផល ជាដើម បានដាក់លិខិតស្នើសុំទៅសម្តេចតេជោ ដើម្បីសុំអន្តរាគមន៍លើករណី ចោទប្រកាន់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៩ វិច្ឆិកា កាលពីឆ្នាំ២០១៩ នៃគម្រោងការវិលត្រឡប់ មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ៕

To Top