ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន សង្ឃឹមថា ពលរដ្ឋអាចចេញពី ប្រអប់កូវីដ-១៩ បានភ្លាមៗ ពេលបន្តអនុវត្ត ៣ការពារ ៣កុំ ត្រឹមត្រូវ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជានាំពាក្យក្រសួងសុខាភិបាល បានសម្ដែងក្ដីសង្ឃឹមថា ប្រជាពលរដ្ឋអាចចេញពីប្រអប់កូវីដ-១៩ បានភ្លាមៗ នៅពេលបន្តអនុវត្តវិធានាការ ៣ការពារ និង៣កុំ ត្រឹមត្រូវ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «សង្ឃឹមថា យើងអាចចេញពីប្រអប់ COVID-19 បានភ្លាមៗនៅពេលដែលមនុស្សបន្តអនុវត្ត ៣ការពារ និង៣កុំ បានត្រឹមត្រូវ និងទៀងទាត់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ»។

លោកស្រី បានបន្ដថា «ការរៀនសូត្រដោយការអនុវត្តន៍ដោយប្រុងប្រយ័ត្ននូវវិធានការការពារចាំបាច់នានា អនុញ្ញាតឲ្យយើងវិលត្រឡប់មករកភាពប្រក្រតីភាពថ្មី ដោយបើកដំណើរការអាជីវកម្មដោយសុវត្ថិភាព»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១៤,៣៥១នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១០៦,៨៣៩នាក់ និងអ្នកស្លាប់ ចំនួន២,៤៥៩នាក់៕

To Top
×