ព័ត៌មានជាតិ

គយ អំពាវនាវដល់ម្ចាស់រថយន្ដ គ្មានពន្ធ រួសរាន់មកបង់ពន្ធ តាមការកំណត់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវដល់ម្ចាស់រថយន្ដគ្មានពន្ធទាំងអស់ រួសរាន់មកបង់ពន្ធតាមការកំណត់ ដេីម្បីទទួលបានការអនុគ្រោះ បន្ធូរបន្ថយពន្ធ និងអាករ ១០%។

តាមរយៈគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសង្កេតឃើញថា ម្ចាស់រថយន្តចង្កូតឆ្វេងដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ជាបន្តបន្ទាប់នៅតាមសាខាគយ និងរដ្ឋាកររាជធានី-ខេត្ត។

ដោយឡែក ម្ចាស់រថយន្តចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ ក៏បានស្ម័គ្រចិត្តចូលមកតម្កល់ប្រាក់ស្មើនឹងចំនួនប្រាក់ពន្ធអាករ និងយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេង ផងដែរ។

អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា «សូមអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករ ចំនួន១០%។ ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ រួសរាន់ចូលមកតម្កល់ប្រាក់ពន្ធនិងអាករ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករចំនួន ១០%។ រថយន្តចង្កូតស្តាំត្រូវកែចង្កូតពីស្តាំមកឆ្វេងឲ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២»។

អគ្គនាយកដ្ឋានគយ បានបន្ដថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រថយន្តចង្កូតឆ្វេងគ្មានពន្ធនឹងត្រូវឲ្យបង់ពន្ធអាករពេញលេញ ដោយពុំមានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករទៀតឡើយ។ នៅពេលផុតឱសានវាទ គឺចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបានត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រាជរដ្ឋាភិបាល ស្ដីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី៨ តុលា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានដកមុខតំណែង និងបណ្ដេញចេញពីគណបក្ស ចំពោះ មេទ័ព មេប៉ូលិស ឬអ្នកធំ ក្នុងជួររាជរដ្ឋាភិបាល បើសិនបន្ដប្រើប្រាស់រថយន្ដអត់ពន្ធ។ ការអនុវត្តនេះ ចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ខាងមុខតទៅ៕

To Top