ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រាប់អភិបាលរាជធានី-ខេត្ត ដកស្រង់បទពិសោធន៍ដោះស្រាយបញ្ហាទំនាស់នានា ពីលោក ម៉ៅ ធនិន (Video)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់អភិបាលរាជធានី-ខេត្តនៅទូទាំងប្រទេសថា ត្រូវរៀនដកស្រង់បទពិសោធន៍ និងចំណេះដឹងដោះស្រាយបញ្ហាទំនាស់នានាពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីយកមកដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ។

លោក ម៉ៅ ធនិន ដែលជាអភិបាលខេត្តពោធិ៍សាត់ ត្រូវបានប្រជាពលរដ្ឋនៅទូទាំងខេត្ត ក៏ដូចពលរដ្ឋ ស្ទើរតែពេញប្រទេសចាត់ទុកថា ជាប៉ាវចិនខ្មែរ ដោយលោកបានចំណាយពេលវេលាចូលរួមដោះស្រាយ និងសម្របសម្រួលបញ្ហានានា របស់ពលរដ្ឋទាំងរឿងតូចៗ និងធំៗខ្លះ ក្រៅប្រព័ន្ធតុលាការដោយជោគជ័យ។ លោកបានរៀបចំជាវេទិកា ជួបប្រជាពលរដ្ឋដោយផ្ទាល់ នៅសាលាខេត្តរៀងរាល់២ថ្ងៃម្តង ក្នុង១សប្តាហ៍ ដើម្បីដោះស្រាយបញ្ហា និងជម្លោះផ្សេងៗរបស់ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ ។

ក្នុងពិធីប្រកាសមុខតំណែង អភិបាលខេត្តបាត់ដំបងថ្មីនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តបាត់ដំបង សម្ដេច ស ខេង បានណែនាំអភិបាលរាជធានី-ខេត្ត ពីវិធានការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ ដោយត្រូវធ្វើឲ្យមានប្រសិទ្ធខ្ពស់ ដោយត្រូវមើលគំរូលោក ម៉ៅ ធនិន ។

រដ្ឋមន្រ្តីមហាផ្ទៃបានរំលឹកថា សម្ដេចបានបង្កើតហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីទទួលសំណើរ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលល្អប្រសើរ ក្នុងការដោះស្រាយជូនពួកគាត់ រហូតមកដល់ពេលនេះ ដោះស្រាយបានជាង១ពាន់ករណី ព្រមទាំងបន្ដដោះស្រាយជាបន្ដបន្ទាប់ទៀត។ សម្ដេចថា ការដោះស្រាយបែបនេះ មិនមែនមានន័យថា មិនទុកចិត្ត រដ្ឋបាលរាជធានី-ខេត្ត ឡើយ តែនេះជាភារកិច្ច ។

សម្ដេចបញ្ជាក់ថា «ម៉ៅ ធនិន គាត់មានវិធីដោះស្រាយមួយ សូមឲ្យសិក្សាមើលចំណុចណាគាត់ដោះស្រាយបានល្អ ជាមេរៀនបទពិសោធន៍ យើងគួរយកមករៀនដែរ បទពិសោធន៍ក្នុងការដោះស្រាយ អាហ្នឹងជាបទពិសោធន៍មួយ។ អីចឹងខំប្រមូលបញ្ហា ហើយយើងទុកលទ្ធភាពថា បើសិនដោះស្រាយនៅកន្លែងមិនបានទេ យើងក៏បើកឱកាស ដើម្បីគាត់ប្ដឹងទៅ សម្ដេចតេជោ ហ៊ុន សែន ដែរ»។

សម្ដេច ស ខេង បានបន្ដថា នៅពេលប្រជាពលរដ្ឋមានសំណូមពរនានាមកទាំងពិត ឬមិនពិត ដើម្បីឲ្យជួយពួកគាត់ ក្នុងឋានៈជាអាជ្ញាធររាជធានី-ខេត្តដែលអ្នកធ្វើការជូនជាតិ ជូនប្រជាពលរដ្ឋ ត្រូវតែហ៊ានប្រឡូកបញ្ហាទាំងអស់នោះ ដើម្បីយកមកដោះស្រាយជូនពួកគាត់ ។

សូមរំលឹកថា លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នឹងត្រូវប្តូរទៅធ្វើជាអភិបាលខេត្តកំពតវិញ ៕

To Top