ព័ត៌មានជាតិ

បើកដំណើរការ គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឡើងវិញ ក្រោយបានការឯកភាព ពីរាជរដ្ឋាភិបាល

ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានការប្រកាសបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ក្រោមឱវាទក្រសួង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បន្ទាប់ពីទទួលបានការឯកភាព ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ការប្រកាសបើកដំណើរការឡើងវិញនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Zoom) ដោយមានអ្នកពាក់ព័ន្ធចូលរួម ប្រមាណជិត២០០នាក់ ក្រោមអធិបតីភាព លោក អ៊ិត សំហេង ។

ការបើកដំណើរការឡើងវិញគ្រឹះស្ថាន អ.ប.វ. គឺមានភាពចាំបាច់ដើម្បីធានាបាន នូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងប្រសិទ្ធភាពនៃកម្លាំងពលកម្មជំនាញ ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ជាងនេះទៅទៀត ការអប់ររំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ដ៏សំខាន់មួយ របស់រាជរដ្ឋាភិបាល ក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ ពីជំងឺកូវីដ-១៩។

បើតាមលោក អ៊ិត សំហេង បើកដំណើរការឡើងវិញនេះ ផ្អែកលើហេតុផលពីរ ៖ ទី១-ក្រសួងបានរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ធានាបាននូវការបង្ការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមានយន្តការច្បាស់លាស់ ក្នុងការពិនិត្យវាយតម្លៃហានិភ័យ លក្ខណៈវិនិច្ឆ័យក្នុងការបិទ និងបើក និងមានប្រព័ន្ធរាយការណ៍ច្បាស់លាស់។ ទី២-គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដូចគ្នានឹងឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡាដែរ ។ ម្យ៉ាងទៀត បុគ្គលិក សាស្រ្តាចារ្យ គ្រូបច្ចេកទេស ព្រមទាំងសិក្ខាកាម សិស្ស និស្សិត (មានអាយុចាប់ពី១៥ឆ្នាំឡើងទៅ) បានទទួលវ៉ាក់សាំងស្ទើរតែ ១០០ភាគរយ និងកំពុងបន្តទទួលដូសជំរុញ ឬដូសទី៣។

ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងការងារបានអនុញ្ញត ឲ្យគ្រឹះស្ថានអ.ប.វ. ផ្តល់ការបណ្តុះបណ្តាល នៅគ្រប់កម្រិតសិក្សា ទាំងរយៈពេលខ្លី មធ្យម និងវែង ពីចម្ងាយ ឬតាមអនឡាញ និងបានបំពាក់ឧបករណ៍ សម្ភារ បរិក្ខារមូលដ្ឋានបច្ចេកវិទ្យា ព្រមទាំងការពង្រឹងសមត្ថភាព គ្រូបច្ចេកទេស ការកែលម្អ និងអភិវឌ្ឍន៍កញ្ចប់ស្តង់ដាបណ្តុះបណ្តាល ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាល នៅពេលបើកដំណើរការឡើងវិញ។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងការងារ មានគ្រឹះស្ថាន អ.ប.វ. ចំនួន ១៩៩ ក្នុងនោះគ្រឹះស្ថាន អ.ប.វ. សាធារណៈ ចំនួន៣៨ និងឯកជន អង្គការ/សមាគម ចំនួន១៦១ ដែលមានសិក្ខាកាម សិស្ស និស្សិត ប្រមាណជាង ៦០.០០០នាក់ បានបញ្ចប់ការសិក្សា និងចូលទៅក្នុងទីផ្សារការងារ ជារៀងរាល់ឆ្នាំ៕

To Top