ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីកសិកម្ម ជួយរកទីផ្សារកសិផល ឱ្យប្រជាកសិករ

កំពង់ចាម ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ២៩ អាណត្តិទី ៣ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រី នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត ឲ្យរៀបចំផែនការ ដើម្បីជួយរកទីផ្សារកសិផល ដល់ប្រជាកសិករ ដែលពួកគាត់កំពុង ប្រឈមលើបញ្ហានេះ ។

លោកអភិបាល ខេត្តបានបញ្ជាក់ថា បញ្ហាកសិផលខ្វះទីផ្សារនេះ បានកើតឡើងលើប្រជាកសិករ មិនត្រឹមតែក្នុង ខេត្តកំពង់ចាមនោះទេ គឺបណ្ដារខេត្តផ្សេងៗ ក៏ជួបប្រទះបញ្ហានេះដែរ ពោលគឺ ក្រោយពេលពួកគាត់ដាំដុះបានផលហើយ គ្មានទីផ្សារ ធ្វើឲ្យពួកគាត់សម្រេចចិត្តលក់ក្នុងតម្លៃថោក ខាតបង់ និងប៉ះពាល់ដល់ជីវភាព របស់ពួកគាត់ជាលំដាប់ផងដែរ។

ជុំវិញបញ្ហានេះ លោកអភិបាលខេត្ត បានជំរុញឲ្យមន្ត្រីនៃអង្គភាពមន្ទីរកសិកម្ម ធ្វើការសិក្សា ពិនិត្យលទ្ធភាព ដើម្បីបង្កើតសហគមន៍ ជួយទិញកសិផល របស់ប្រជាកសិករយើង ដោយសិក្សាលើប្រភេទដំណាំ៣ខែម្តង ថា តើកសិករយើងប្រមូលផលអ្វី ដូច្នេះមន្ទីរ ជំនាញត្រូវចងក្រង ជាសហគមន៍ ដោយមានការសហការ ជាមួយអាជ្ញាធរឃុំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីជួយទិញកសិផល របស់ពួក គាត់ និងទំនាក់ទំនងធ្វើការនាំចេញ នូវទំនិញទាំងនោះទៅទីផ្សារក្រៅប្រទេស ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានប្រាប់ ទៅមន្ទីរជំនាញ ត្រូវចុះណែនាំដល់ប្រជាកសិកររបស់យើង ឲ្យពួកគាត់ចេះដាំដុះ ដំណាំណា ដែលសមស្រប តាមតម្រូវការទីផ្សារផងដែរ ៕

To Top