ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវឲ្យពលរដ្ឋ ថែរក្សាប្រព័ន្ធស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធរំដោះទឹក ដើម្បីចៀសផុតពីគ្រោះមហន្តរាយ (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការយល់ដឹងអំពីឥទ្ធិពល ផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយប្រកាន់ខ្ជាប់វិធានការត្រៀមបង្ការ ជាពិសេស ថែរក្សាប្រព័ន្ធស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធរំដោះទឹក ដើម្បីចៀសផុតពី គ្រោះមហន្តរាយផ្សេងៗ។

តាមរយៈសារលិខិត របស់រាជរដ្ឋាភិបាល នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការត្រៀមបង្ការ និងការកាត់បន្ថយគ្រោះមហន្តរាយ រាជរដ្ឋាភិបាល បានបង្កើនសមិទ្ធិផលជាច្រើន ដូចជា៖ ការពង្រឹងការគ្រប់គ្រង ធនធានទឹក ការស្តារ និងកសាងរចនាសម្ព័ន្ធស្រោចស្រព អាងស្តុកទឹក ប្រឡាយ សំណង់ទ្វារទឹក ប្រព័ន្ធរំដោះទឹក និងទំនប់ការពារទឹកជំនន់។ ជាពិសេស ធ្វើការស្រាវជ្រាវ និងការអភិវឌ្ឍ ដើម្បីបង្កើនផលិតភាពស្រូវ ដំណាំផ្សេងៗ ការប្រើប្រាស់ពូជដែលមាន គុណភាព ភាពធន់ និងការប្រែប្រួលអាកាសធាតុ។

សម្ដេចតេជោ បានបញ្ជាក់ថា «ត្រូវបង្កើនការយល់ដឹងអំពី ឥទ្ធិពលផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយប្រកាន់ខ្ជាប់វិធានការត្រៀមបង្ការ ប្រកបដោយស្មារតី ភ្ញាក់រលឹកតាមលំនាំថ្មី និងការទទួលខុសត្រូវខ្ពស់ នូវរបៀបរបបរស់នៅស្អាត ថែរក្សា សុខភាពផ្ទាល់ខ្លួន អនាម័យខ្លួនប្រាណ អនាម័យលំនៅដ្ឋាន ការទុកដាក់សំរាម សំណល់រឹង បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ជាដើម។ ការពារថែរក្សាប្រព័ន្ធស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធរំដោះទឹក ដើម្បីការរស់នៅប្រកបដោយ ផាសុខភាព និងសុខុមាលភាព ចៀសផុតពីគ្រោះមហន្តរាយផ្សេងៗ»។

សម្ដេចតេជោ ក៏បានណែនាំក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិត្រូវពង្រឹងយន្តការ គ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្តោតសំខាន់លើការ ត្រៀមបង្ការហានិភ័យ ដើម្បីកាត់បន្ថយគ្រោះមហន្តរាយ ដោយត្រៀមរៀបចំសម្រាប់ ការឆ្លើយតបទៅនឹងមុខសញ្ញា គ្រោះថ្នាក់ផ្សេងៗពាក់ព័ន្ធ នឹងការប្រែប្រួលអាកាសធាតុ ជាពិសេស ជួយដល់ប្រជាជនក្រីក្រ ងាយរងគ្រោះ ស្ត្រី កុមារ ចាស់ជរា និងជនមានពិការភាព។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់វិស័យឯកជន ដៃគូរអភិវឌ្ឍ សង្គមស៊ីវិល បន្តចូលរួមសហប្រតិបត្តិការ កៀរគរធនធានដែលចាំបាច់ ដើម្បីធានាអនុវត្តការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាព សម្រាប់ភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ៕

To Top
×