ព័ត៌មានជាតិ

ទូតអាមេរិក៖ ការិយាល័យ USDA នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម នៅកម្ពុជា

ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា ការិយាល័យ US Department of Agriculture នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការការអភិវឌ្ឍន៍វិស័យកសិកម្ម នៅប្រទេសកម្ពុជា តាមរយៈបណ្តុះបណ្តាធនធានមនុស្ស។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោក W. Patrick Murphy បានថ្លែងថា ស្ថានទូតនឹងរៀបចំ សម្ពោធការិយាល័យ US Department of Agriculture ក្នុងពេលឆាប់ៗខាងមុខ។ លោកសង្ឃឹមថា លោករដ្ឋមន្ដ្រី នឹងអញ្ជើញចូលរួមសម្ពោធ ផងដែរ។

លោកបានបញ្ជាក់ថា «ចំពោះការិយាល័យនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ វិស័យកសិកម្មកម្ពុជា តាមរយៈការបណ្តុះបណ្តា ធនធានមនុស្ស និងការផ្សព្វផ្សាយបច្ចេកទេសថ្មីៗ ដែលជាយន្តការគន្លឹះ ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម»។

ដោយឡែកចំពោះគម្រោង Harvest 2 ទាក់ទងអនុវិស័យសាកវប្បកម្ម ក្នុងការធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើសូឡា ដើម្បីជួយដល់វិស័យដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់ កម្ពុជា ឲ្យកាន់តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃ លោកទូត នឹងរៀបចំកម្មវិធីអញ្ជើញ លោករដ្ឋមន្ត្រី ចុះទៅរួមគ្នាដើម្បីពិនិត្យ និងវាយតម្លៃជាក់ស្តែងលើលទ្ធផល សម្រេចបានរបស់គម្រោង។

ជាការឆ្លើយតប លោករដ្ឋមន្ដ្រីកសិកម្ម បានស្វាគមន៍ចំពោះគម្រោង Cold Chain Logistic System ព្រោះថា នឹងជួយលើកកម្ពស់ប្រសិទ្ធភាព ផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឲ្យកាន់តែល្អប្រសើរជាជំហានៗ ផ្អែកទៅលើកស្តង់ដារផលិត វេចខ្ចប់ ថែក្សារ ដឹកជញ្ជូន និងដាក់តាំងបង្ហាញពិតប្រាកដមួយ ដែលត្រូវបានទទួលស្គាល់ ទាំងក្នុងតំបន់ និងអន្តរជាតិ។

លោកបន្ថែមថា នេះគឺជាគម្រោងដែលក្រសួងចង់បាន ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពកសិផល សុខភាពអ្នកបរិភោគ និងកំណើនតម្លៃបន្ថែម។

បន្ថែមពីនេះ លោករដ្ឋមន្ដ្រីកសិកម្ម បានស្នើឯកអគ្គរដ្ឋទូតអាមេរិក ឲ្យជួយពិនិត្យលើការកសាង ធនធានមនុស្សទាំងវិស័យឯកជន មន្រ្តីរាជការ និងប្រជាកសិករក្នុងសហគមន៍ ដើម្បីបំពេញបន្ថែមនូវ សមត្ថភាពក្នុងការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្រប និងមាន ប្រសិទ្ធភាព ស្របទៅតាមការវិវឌ្ឍន៍ រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ពិសេសស្របតាមបរិបទនៃ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ និងទិសដៅនៃការ នាំចេញនាពេលអនាគត ៕

To Top