ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បញ្ជាឲ្យទប់ស្កាត់ ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់ អគារបេតិកភណ្ឌ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាឲ្យទប់ស្កាត់ នូវការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ ខណៈ​ រាល់សំណង់អគារបេតិកភណ្ឌ ដែលត្រូវជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។

យោងតាមសារាចររបស់រាជរដ្ឋាភិបាល នាថ្ងៃទី១២ តុលា បានពិនិត្យឃើញថា សព្វថ្ងៃដោយសារទំនើបកម្ម បណ្តាលឲ្យមានការបាត់បង់ ការវាយបំផ្លិចបំផ្លាញ ការធ្វើឲ្យខូចខាតតាមគ្រប់រូបភាពជាបន្តបន្ទាប់ ចំពោះសំណង់អគារបេតិកភណ្ឌ ដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌទីក្រុង តាមបណ្តារាជធានី-ខេត្ត ដែលជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃ ហើយមានការប្រឈមនឹងហានិភ័យ និងស្ថិតក្រោមការគំរាមកំហែងខ្ពស់ដោយការអភិវឌ្ឍ ដែលទាមទារឲ្យមានការថ្លឹងថ្លែងរវាងការអភិរក្ស និងការអភិវឌ្ឍ គឺត្រូវតែមានតុល្យភាព។

រាជរដ្ឋាភិបាល បានបញ្ជាក់ថា «ហាមឃាត់ចំពោះការកែប្រែ ការប្តូររូបរាងខាងក្រៅ ឬធ្វើឲ្យខូចខាតសោភ័ណភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង។ ទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់អគារបេតិកភណ្ឌ ដើម្បីការពារឲ្យបានគង់វង្ស»។

រាជរដ្ឋាភិបាល ក៏បានបញ្ជាក់ទៀតថា ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារ និងក្រៅតំបន់ការពារ ដោយផ្តោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្ស និងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តរភាព៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top