ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ​ គ្រោងដាក់បញ្ចូលការផ្តល់សេវា និងយន្តការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ចូលក្នុងការប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព

ភ្នំពេញ​ ៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្តួចផ្តើមគំនិតឱ្យមានការផ្តល់សេវាសារធារណៈនានា ក៏ដូចជាការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ចូលទៅក្នុងការប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ឱ្យបានមុនការបោះឆ្នោត ឃុំ សង្កាត់ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។

ការផ្តួចផ្តើមគំនិតរបស់ សម្ដេចក្រឡាហោម ស ខេង បែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពតថ្មី នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពត។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា​ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនេះ ពុំមែនផ្តោតតែទៅលើការរក្សាសន្តិសុខមួយមុខប៉ុណ្តោះទេ តែជាការក្តោបគ្រប់បញ្ហាដែលកើតមានក្នុងមូលដ្ឋានរួមទាំងការផ្តល់សេវាសាធារណៈដូចជាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ការគ្រប់គ្រងស្លាកលេងម៉ូតូ ឡាន ព្រមទាំងក្រដាស់ស្នាមនានា ដែលបម្រើដល់ប្រជាពលរដ្ឋ។ ក្នុងនោះក៏មានទាក់ទងទៅនឹងការឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ ជំងឺឆ្លងកាចសាហាវឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធផងដែរ។

សម្តេចក្រឡាហោម បានបន្ថែមថា «សម្រាប់ការប្រឡងប្រណាំង ការអនុវត្តគោលនយោបាយភូមិ -ឃុំ មានសុវត្ថិភាពនេះ ក្នុងគោលបំណងដើម្បីកាត់បន្ថយជាអតិបរមា ក៏ដូចជាលុបបំបាត់នូវបញ្ហាប្រឈមក្នុងមូលដ្ឋាន ទាក់ទងទៅនឹងទំនាស់ដែលរសើបក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដោយមន្ត្រីទាំងអស់ត្រូវប្រមូលបញ្ហារបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធ្វើការដោះស្រាយកុំឱ្យបញ្ហាទាំងនោះកាន់តែច្រើនទៅៗ»។

សម្រាប់ការប្រឡងប្រណាំងនេះដែរ សម្តេចក្រឡាហោម បានបញ្ជាក់ថា សម្តេច នឹង​ធ្វើការសិក្សាជាមួយមន្ត្រីជំនាញធ្វើយ៉ាងណាអាចរៀបចំឱ្យប្រឡងប្រណាំងអនុវត្តបានមុនការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top