នយោបាយ

រដ្ឋសភា ទទួលយកសេចក្តីព្រាង វិសោធនកម្មច្បាប់ធម្មនុញ្ញ ឲ្យថ្នាក់ដឹកនាំកំពូល មានសញ្ជាតិតែមួយមកពិភាក្សា (Video)

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា បានសម្រេចទទួល សេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញ អនុញ្ញាតឲ្យថ្នាក់ដឹកនាំមានសញ្ជាតិតែមួយ មកពិភាក្សា មុនឈានដល់បើសម័យប្រជុំអនុម័ត ។

ការសម្រេចទទួលយកសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដឹកនាំដោយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូ ។

ក្រោយគណៈអចិន្ត្រៃយ៍បានពិនិត្យរួចហើយ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

ជាមួយគ្នានេះ អង្គប្រជុំបានអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់លោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ធ្វើការបោះឆ្នោតផ្តល់សេច ក្តីទុកចិត្ត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top