ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត ប្រកាសរៀបចំវេទិកា ដើម្បីចុះជួបប្រជាពលរដ្ឋ នៅតាមបណ្តាឃុំ-សង្កាត់ចំនួន៩៣ ដើម្បីស្វែងរកបញ្ហាផ្សេងៗ និងដោះស្រាយជូនពួកគាត់។ នេះបើយោងតាម បណ្តាញសង្គមហ្វេសប៊ុក របស់លោកនាថ្ងៃ១៤ តុលា។
បើតាមឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ការចុះជួបប្រជាពលរដ្ឋ តាមបណ្តាឃុំ-សង្កាត់ ទាំង៩៣នេះ ដើម្បីធ្វើឲ្យគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។
លោកថា មេប៉ុស្តិ៍ទាំងអស់ក៏នឹងត្រូ វមានវត្តមានចូលរួម ក្នុងវេទិកានេះដែរ ។
លោកស្នងការខេត្តកំពត បញ្ជាក់យ៉ាងច្បាស់ថា “ខ្ញុំនឹងចុះធ្វើវេទិកានេះដោយខ្លួនខ្ញុំផ្ទាល់ រួមនឹងជំនាញពាក់ពន្ធ័ផ្សេងៗទៀត” ។
ការប្រកាសដាក់ចេញជាវេទិកា របស់លោកស្នងការខេត្តកំពតនេះ បន្ទាប់ពីលោក ម៉ៅ ធនិន ត្រូវបានប្រកាសឲ្យចូលកាន់តំណែង ជាអភិបាលខេត្តកំពតផ្លូវការ កាលពីថ្ងៃ១៣ តុលា ។ លោក ម៉ៅ ធនិន កាលពីជាអភិបាល ខេត្តពោធិ៍សាត់ ត្រូវបានគេដឹងថា ជាអ្នកមានសកម្មភាពយ៉ាងផុសផុល ក្នុងការបើកវេទិកាដោះស្រាយបញ្ហានានា ឲ្យពលរដ្ឋ ទាំងរឿងតូចៗ និងធំៗខ្លះ ក្រៅប្រព័ន្ធតុលាការ ដោយជោគជ័យ ៕

