ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ខេត្តធំ ឬតូច មិនសំខាន់ អ្វីដែលសំខាន់ គឺស្ថិតលើការដឹកនាំ ឆ្ពោះទៅរកការអភិវឌ្ឍ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការប្តូរអភិបាលខេត្ត មិនបានផ្អែកទៅលើខេត្តធំ ឬខេត្តតូចនោះទេ តែអ្វីដែលសំខាន់ គឺស្ថិតនៅលើការដឹកនាំឆ្ពោះ ទៅរកការអភិវឌ្ឍ ព្រោះអភិបាល ខេត្តមានឋានៈ តួនាទី និងការទទួលខុសត្រូវដូចគ្នា ។

ក្នុងពិធីប្រកាសចូល កាន់មុខតំណែង អភិបាលខេត្តពោធិ៍សាត់ថ្មី នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តពោធិ៍សាត់ សម្តេច ស ខេង មានប្រសាសន៍ថា «គោលការណ៍ ដែលបានចែងនៅក្នុងច្បាប់ ពុំមានបែងចែកខេត្តធំ ឬខេត្តតូចនោះទេ បើទោះបីខេត្តប៉ៃលិន ខេត្តកែប ខេត្តកោះកុង ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ឬខេត្តមណ្ឌលគិរី ដែលមានតែមួយអាសនៈក៏ដោយ ប៉ុន្តែអភិបាលខេត្តនីមួយៗមានឋានៈ តួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវដូចគ្នា»។

សម្ដេចបន្ដថា ដូច្នេះអភិបាលខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវ ធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍន៍ និងរីកចម្រើន ក្នុងនោះខេត្តត្រូវផ្តល់សេវាសារធារណៈ ការបំរើប្រជាពលរដ្ឋ ព្រមទាំងការទទួលខុសត្រូវ ធ្វើគណនេយ្យភាព ជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឲ្យបានល្អ ។ នោះទើបជាចំណុចគន្លឹះស្នូលដ៏សំខាន់ ៕

To Top