ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបកស្រាយទាក់ទង នឹងការអនុវត្តថ្លៃ លក់ទឹកជូន កម្មករ កម្មការិនី និងសិស្សនិស្សិត ដែលស្នាក់នៅបន្ទប់ជួល ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅថា ការតម្លើងថ្លៃពី១០០០ ទៅ៣០០០រៀល ក្នុងមួយម៉ែត្រគូបនោះ គឺមានការព្រមព្រៀងគ្នា ។ នេះបើយោងតាមលិខិត របស់រដ្ឋាករនៅថ្ងៃ១៣ តុលា ។
រដ្ឋាករទឹកបន្តថា មូលហេតុឡើងថ្លៃ ផ្ទុយពីកិច្ចសន្យា ជាមួយរដ្ឋាករទឹកនោះដោយសារ សម្ពាធទឹកនៅទីតាំង របស់ពួកគាត់ខ្សោយ ទាមទារបំពាក់ម៉ូទ័របូមជំនួយ ដែលត្រូវចំណាយខ្ពស់ លើថាមពលអគ្គិសនី។
រដ្ឋាករទឹកក៏ទទួលស្គាល់ថា ក៏មានម្ចាស់ផ្ទះជួលមួយចំនួន នៅបានគិតតម្លៃបំពេញ បន្ថែមទៅលើភាពលម្អៀង រវាងនាឡិកាមេ និងនាឡិកាចែកចាយតាមបន្ទប់ជួល រួមទាំងការបាត់បង់ទឹក ឬលេចធ្លាយតាមបណ្តាញ តំណភ្ជាប់ក្នុងបរិវេណផ្ទះជួលជាដើម ។
លិខិតរបស់រដ្ឋាករទឹកបញ្ជាក់ថា “ថ្លៃលក់នេះ ក៏ទទួលបានព្រមព្រៀងគ្នារវាងអ្នកជួល និងម្ចាស់ផ្ទះផងដែរ” ។
ប៉ុន្តែទោះបីជាយ៉ាងណា រដ្ឋាករទឹកនឹងចាត់វិធានការ សម្រាប់ទីតាំងដែលមានសម្ពាធទឹកផ្គត់ផ្គង់គ្រប់គ្រាន់ ហើយអាចឆ្លៀតឱកាសតម្លើងថ្លៃដែរ។
ការបកស្រាយរបស់រដ្ឋាករទឹកនេះ ក្រោយមានការផ្សព្វផ្សាយថា ម្ចាស់ផ្ទះជួលនៅតាខ្មៅ និងភ្នំពេញតម្លើងថ្លៃទឹកពី១០០០ទៅ៣០០០រៀល ខណៈការអនុវត្តថ្លៃលក់ទឹកត្រឹមតែ៨០០រៀល ។
រដ្ឋាករទឹកបញ្ជាក់ទៀតថា រដ្ឋាករបានចុះកិច្ចសន្យាលក់ទឹក ជូនម្ចាស់ផ្ទះជួលចំនួន ៤ ៦៨៩ទីតាំង ស្មើនឹង១២១៣១៣ បន្ទប់ ក្នុងតម្លៃ៧០០រៀល ដែលទាបជាងថ្លៃដើម និងកំណត់ឲ្យម្ចាស់ផ្ទះ ជួលត្រូវលក់បន្តជូនកម្មករ និងសិស្សនិស្សិត៨០០រៀល ៕