ព័ត៌មានជាតិ

ប.ស.ស. បើកសិក្ខាសាលាស្តីពី “ការគាំពារពលករទេសន្តរប្រវេសក៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍” ដល់សមាជិកអង្គភាព សមាគមសន្តិសុខសង្គមអាស៊ាន ២២ស្ថាប័ន នៃអាស៊ានទាំង ១០

ភ្នំពេញ៖ បន្ទាប់ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន លើកទី៣៧ ក្រោមប្រធានបទ “ការពង្រីកការគ្របដណ្តប់ របបសន្តិសុខសង្គម” កាលពីថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០ កន្លងទៅ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ ប.ស.ស. កម្ពុជា បានបើកសិក្ខាសាលាដ៏សំខាន់មួយ ស្តីពី “ការគាំពារពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ីអាគ្នេយ៍” តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ជូនដល់តំណាងសមាជិក អង្គភាពសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន ១២០រូប មកពី ២២ស្ថាប័ន នៃអាស៊ានទាំង ១០ ប្រទេសផ្សេងគ្នា។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលានេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានសមាគមសន្តិសុខសង្គមអាស៊ាន (ASEAN Social Security Association, ASSA) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក  ប.ស.ស. បានថ្លែងឱ្យដឹងថា៖ សិក្ខាសាលាដ៏មានសារៈសំខាន់ខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងន័យ (១) ចែករំលែកឧត្តម្មានុវត្តន៍ ចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ក៏ដូចជាការលើកឡើង អំពីបញ្ហាប្រឈមដែលពាក់ព័ន្ធ ទៅនឹងពលករទេសន្តរប្រវេសក៍ និង (២). កំណត់តំបន់ និងចាត់វិធានការសំខាន់ៗ សម្រាប់ធ្វើឲ្យប្រសើរឡើងភ្លាមៗ និងរយៈពេលវែង នៃការការពារ និងការលើកកម្ពស់សិទ្ធិរបស់ពលករទេសន្តរប្រវេសក៍។

ក្នុងនាមលោកជាប្រធានសមាគម សន្តិសុខសង្គមអាស៊ាន លើកទី៣៧ (The 37th ASSA Chairman) លោកសង្ឃឹមយ៉ាងមុតមាំថា៖ សិក្ខាសាលារយៈពេលពេញ មួយរសៀលនេះ នឹងផ្តល់នូវចំណេះដឹង ព័ត៌មាន ឧត្តម្មានុវត្តន៍ និងបទពិសោធន៍ល្អៗរវាងគ្នាទៅវិញទៅមក នៃបណ្តាសមាជិកអង្គភាពសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ទាំងមូល សម្រាប់ការការពារ និងការលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសក៍។ លើសពីនេះ ស្ថាប័នជាសមាជិក នៃសមាគម ASSA និងដៃគូពាក់ព័ន្ធ នឹងអាចកំណត់ចំណុច ចាត់វិធានការ និងកិច្ចសហការសំខាន់ៗ សម្រាប់ធ្វើឱ្យប្រសើរឡើងទាក់ទងនឹងការការពារសិទ្ធិ និងសុខុមាលភាពរបស់ពលករទេសន្តរប្រវេសក៍ ក្នុងឱកាសដែលកូវីដ-១៩ នៅតែបន្តរីករាលដាល និងបង្កជាផលប៉ះពាល់ ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនៅក្នុងសកលលោក។

សូមបញ្ជាក់ថា៖ សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៩៨ ដែលបានផ្តួចផ្តើមរួមគ្នាក្នុងចំណោមប្រទេសចំនួន៥ ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ បច្ចុប្បន្ន  មានស្ថាប័នសន្តិសុខសង្គម នៅក្នុងបណ្តាប្រទេសអាស៊ានទាំងអស់ ចំនួន ២២ស្ថាប័ន បានចូលជាសមាជិក របស់សមាគម ASSA រួមទាំង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលបានចូលជាសមាជិកនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី២៧ ដែលបានរៀបចំឡើងនៅប្រទេសសិង្ហបុរី។

ដោយគោរពតាមអនុស្សរណៈ នៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ដោយស្ថាប័នជាសមាជិក នៃសមាគម ASSA ដើម្បីអនុវត្តប្រព័ន្ធសន្តិសុខសង្គម ដែលត្រូវបានអភិវឌ្ឍ និងដាក់ឱ្យអនុវត្ត ស្របតាមស្តង់ដាអន្តរជាតិ និងក្របខ័ណ្ឌបទប្បញ្ញត្តិជាតិ ប្រព័ន្ធ និងបរិបទសម្រាប់ការផ្តល់ផលប្រយោជន៍ ជូនដល់កម្មករនិយោជិត។

ក្នុងកិច្ចព្រមព្រៀងនេះបានចែងថា សមាជិករបស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ត្រូវផ្លាស់វេនគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះរៀងរាល់ឆ្នាំ តាមអក្សរក្រម នៃឈ្មោះប្រទេសដែលជាសមាជិក។

គួររំលឹកថា៖ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បានធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសន្តិសុខសង្គមអាស៊ាន លើកទី៣៧ (The 37th ASSA Chairman)  ក្រោមប្រធានបទ“ការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គម”  ដោយទទួលបានលទ្ធផលគួជាទីគាប់ចិត្ត និងបានបញ្ចប់ដោយផ្លែផ្កា រហូតឈានដល់ការស្នើសុំឱ្យមានសិក្ខាសាលាដ៏សំខាន់ខាងលើនេះ៕

To Top