ព័ត៌មានជាតិ

អាជ្ញាសាលា បានកំណត់ ឲ្យគ្រួសារមួយរស់ នៅ ខេត្តសៀមរាប ចេញពីផ្ទះ ដែលធ្លាប់រស់នៅ៣៦ឆ្នាំ ឲ្យបានមុន ថ្ងៃទី២៩តុលា បន្តលើកដែសំពះ សុំឲ្យរដ្ឋមន្រ្តីក្រសួង យុត្តិធម៍ ជួយអន្តរាគមន៍

សៀមរាប ៖ ស្ត្រីម្នាក់ជាកូនបំណុល ក្នុងសំណុំរឿងអនុវត្តលេខ៦០ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ របស់អាជ្ញាសាលា នៃសាលាដំបូង ខេត្តសៀមរាប ដែលមានលោក យិត ខាវ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ជាម្ចាស់បំណុល បានបន្តលើកដៃសំពះ សុំឲ្យលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ មេត្តាជួយធ្វើកិច្ច អន្តរាគមន៍ផ្អាកការអនុវត្តនិង បន្តដោះស្រាយគោលនយោបាយ មនុស្សធម៌ ស្របតាមចំណារ របស់លោក អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តធម៌ នាពេលកន្លងមក ។

ការដៃសំពះ សុំឲ្យលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ជួយធ្វើកិច្ចអន្តរាគមន៍នេះ បានកើតឡើង ក្រោយពេលអាជ្ញាសាលា បានកំណត់ អោយរុះរើលំនៅដ្ឋាន ដែលនាងបានរស់នៅ រយះពេល៣៦ឆ្នាំចេញ ឲ្យបានមុនថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ក្នុងគ្រាដែលនាងមិនមានលំនៅដ្ឋាន ណាផ្សេងពីនេះ ដើម្បីស្នាក់នៅទេ ពិសេសក្នុង បរិបទជម្ងឺកូវីដ១៩ កំពុងរីករាលដាល ក្នុងខេត្តសៀមរាប ។ ដូច្នេះតើឲ្យនាង និងក្រុមគ្រួសារ៤នាក់ ទៀតទៅរស់នៅទីណា? ។

ស្ត្រីរូបនេះឈ្មោះ សាម ចាន់ ហៅ ចៅ យុគចាន់ អាយុ៤១ឆ្នាំ មានទីលំនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានអះអាងថា នាងមិនប្រឆាំងនឹងការសម្រេច របស់តុលាការទេ ប៉ុន្តែដោយសារនាងរស់ នៅលើផ្ទះទំនាស់នេះ រយៈពេល៣៦ឆ្នាំ បង្កើតជាគ្រួសារ មួយមានសមាជិក ចំនួន៥នាក់ ទើបនាងស្នើសុំឱ្យមានការដោះស្រាយ គោលនយោបាយមនុស្សធម៌ ស្របតាមគោលការណ៍ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។

ស្ត្រីរូបនេះបានរំលឹកថា ដោយយោងតាមលិខិត សុំអន្តរាគមន៍ស្នើសុំដោះស្រាយ តាមគោលនយោបាយ មនុស្សធ៍មនោះលោក អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួង យុត្តធម៌ បានចេញលិខិតលេខ២០០ កយ អកអ១៧ ចុះថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧ កន្លងទៅដោយជំរាប មកលោកប្រធាន និងលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប ពិនិត្យដោះស្រាយ ជាសមត្ថកិច្ច ។ ដោយគ្មានដំណោះស្រាយ ទើបនៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៩ លោក អង្គ វង្សវឌ្ឍនាបានចារលើលិខិតរដ្ឋបាល លេខ២៦១ ដោយចាត់ឲ្យលោកប្រាក់ សាវុធ ទីប្រឹក្សាក្រសួងយុត្តិធ៍ម ទទួលបន្ទុកអាជ្ញាសាលាពិនិត្យ និងចាត់ចែងលើការ ស្នើសុំដោះស្រាយ តាមគោលនយោបាយមនុស្សធ៍មរបស់ស្ត្រីឈ្មោះ សាម ចាន់ នេះបន្តទៀត តែមិនមានដំណោះស្រាយដដែល បែរជាលេចចេញនូវការកំណត់ឲ្យរុះរើផ្ទះចេញ ទៅវិញធ្វើឲ្យនាងតក់ស្លុត ក្នុងចិត្តយ៉ាងខ្លាំង ។

ក្នុងលិខិតចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ឈ្មោះសាម ចាន់ បានជំរាបជូនលោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ មេត្តាជ្រាបថា កាលពីអាយុ៦ឆ្នាំ នាងត្រូវបានលោកតា ចៅ យ៉ាំ និង ប្រពន្ឋឈ្មោះ យិត ឡាង សុំយកមកចិញ្ចឹម និងរស់នៅជាមួយក្នុងនាមជា កូនចៅលើផ្ទះទំនាស់ ស្ថិតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប តាំងពីឆ្នាំ១៩៨៦ ក្នុងអំឡុងពេល ដែលទាហានខ្មែរ ក្រហមឧស្សាហ៍ ចេញចូលអុកឡុកក្នុងភូមិមកម៉្លេះ ដោយមានចាស់ទុំ និងអាជ្ញាធរមូលដ្ឋានធ្វើជាសាក្សី ។ លុះមកដល់ឆ្នាំ១៩៩៨ លោកតា ចៅ យ៉ាំ និងប្រពន្ឋឈ្មោះយិត ឡាង បានរៀបការ នាងជាមួយនឹង ប្តីឈ្មោះសុច ច្រឹង និងមានកូនបីនាក់ រស់នៅលើដីផ្ទះទំនាស់នេះ រហូតមកដល់សព្វថ្ងៃ ដោយបានចុះស្ថិតិ ក្នុងសៀវភៅស្នាក់ នៅ ត្រឹមត្រូវ ពិសេសយាយតាពុំទាន់បានចែកទ្រព្យសម្បត្តិ ឬដីធ្លីផ្ទះសំបែងឱ្យនោះទេ ។ ចំណែកលោកយិត ខាវ ជាម្ចាស់បំណុល និងកូនៗ របស់លោកតា ចៅ យ៉ាំ មិនដែលបានមករស់នៅលើដីនិងផ្ទះទំនាស់នេះទេ គឺគ្រាន់តែមកលេងម្តងម្កាលពេលបុណ្យទានប៉ុណ្ណោះ ។ ដោយឡែកពួកគេទាំងអស់នេះសុទ្ឋសឹងមានផ្ទះសំបែងរស់នៅរៀងៗខ្លួនគឺខ្លះនៅរាជធានីភ្នំពេញ ខ្លះនៅខេត្តសៀមរាប និងខ្លះទៀតនៅសហរដ្ឋអាមេរិក។ បន្ទាប់មក នៅឆ្នាំ២០០៦ លោកតា ចៅ យ៉ាំ ស្លាប់នៅខេត្តសៀមរាប និង នៅឆ្នាំ២០១២ លោកយាយ យិត ឡាង បានស្លាប់នៅសហរដ្ឋអាម៉េរិក ។
លិខិតដដែល បានអះអាង ប៉ុន្តែនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះសោ ប៊ុនណារី បានដាក់ពាក្យ បណ្តឹងទៅ សាលាដំបូង ខេត្តសៀមរាប ប្តឹងសុំកាន់កាប់និងគ្រប់គ្រងលើដី និងផ្ទះទំនាស់នេះដោយយោង លើលិខិត គ្រប់គ្រងដីនិងផ្ទះ ដែលចុះហត្ថលេខា ដោយលោកមេឃុំសំរោង តាំងពីសាលាដំបូងរហូតដល់តុលាការកំពូល ។ ចុងក្រោយតុលាការកំពូលបានសម្រេចប្រគល់ដី និងផ្ទះទំនាស់នេះ ទៅអោយឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះសោ ប៊ុនណារី ជាអ្នកកាន់កាប់និងគ្រប់គ្រងតាមអំណាចសាលដីកាលេខ ១០៦”ជ” ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ។ ចំពោះការសម្រេចខាងលើនេះ នាងមិនជំទាស់នោះទេ ប៉ុន្តែដោយសារនាងខ្ញុំរស់នៅ លើដីនិងផ្ទះទំនាស់នេះ និងបានបម្រើលោកតា ចៅ យ៉ាំ និង លោកយាយ យិត ឡាង តាំងពីអាយុ៦ឆ្នាំ រហូតមកដល់តាយាយស្លាប់ ពុំមានដីឬផ្ទះសម្រាប់ រស់នៅក្រៅ ពីដីនិងផ្ទះទំនាស់ខាងលើនេះទេ ទើបនាងខ្ញុំបានស្នើសុំការដោះស្រាយតាមគោលការណ៍មនុស្សធម៌ ជាច្រើនលើកច្រើនសារតាមរយៈលោក អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តធម៌តែលោក យិត ខាវ មិនព្រមដោះស្រាយសោះ ទើបនាងស្នើសុំលោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ថ្មី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ ផ្អាកការអនុវត្ត ដើម្បីបន្តដោះស្រាយគោល នយោបាយមនុស្សធម៍ ឲ្យនាងដោយក្តីអនុគ្រោះ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×