ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចបើកប្រទេស ឡើងវិញ ជាបណ្ដើរៗ និងតាមដំណាក់កាល ភាពប្រយ័ត្នប្រយែង

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចបើកប្រទេសកម្ពុជា ឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាល ជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា តាមរយៈការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល លើការដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩» កម្ពុជាកំពុងសម្រេចបាននូវអត្រានៃការចាក់វ៉ាក់សាំង លើសគោលដៅដែលបានគ្រោងទុក និងអាចបង្កើតបាននូវភាពស៊ាំសហគមន៍នៅទូទាំងកម្ពុជា ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្រសួង បានបញ្ជាក់ទៀតថា «ជាមួយនឹងសមិទ្ធផលដ៏គួរជាទីមោទនភាពនេះ និងដោយមើលឃើញពីការវិវត្តកាន់តែប្រសើឡើងនៃស្ថានភាពជាក់ស្ដែង, រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយមានការសម្រួលរបប នៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ»។

ក្រសួង បានបន្ដថា ត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួយៗ ចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស។

ក្រសួង បានបន្ថែមថា ជាពិសេស នោះ ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម អាទិភាពនេះផង)។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានលលើកឡើងទៀតថា ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស និងដោយឡែក ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ៕

To Top