ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស. ជម្រុញបន្ថែម ឲ្យបម្រើសេវា ជូនសមាជិករបស់ខ្លួន ដោយទំនួលខុសត្រូវខ្ពស់

ភ្នំពេញ៖ លោក​ អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក បេឡាជាតិសន្តិសុខសង្គម ដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងាររបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ បើទោះបីជាស្ថិតក្នុង ស្ថានភាពដ៏លំបាក នៃការរីករាលដាលជំងឺកូវី-១៩ នេះយ៉ាងណាក៏ដោយ។

ការថ្លែងឡើងពីសំណាក់ លោកអគ្គនាយក ត្រូវបានធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីភាព​ ក្នុងកិច្ចប្រជុំផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះ តាមរយៈប្រព័ន្ធវីដេអូ (Zoom meeting) ដើម្បីត្រួតពិនិត្យលើបញ្ហាប្រឈម និងចំណុចមិនប្រក្រតីនានា ដែលជាកត្តារាំងស្ទះនៃការផ្តល់ និងការប្រើប្រាស់សេវារបស់បងប្អូន ដែលជាសមាជិក ប.ស.ស. ។

លោក បានថ្លែងបន្តថា ក្នុងនាមយើងជាមន្រ្តីរាជការ ត្រូវធ្វើយ៉ាងណាបម្រើសេវា​ ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅ និងគោលនយោបាយជាតិ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ បើទោះបីស្ថិតក្នុងកាលៈទេសៈ យ៉ាងណាក៏ដោយ។

ជាមួយគ្នានេះ លោកអគ្គនាយក បានបន្តជំរុញលើកទឹកចិត្ត​ ដល់ថ្នាក់ដឹកនាំ លោក លោកស្រីជា ប្រធាន អនុប្រធាន និងមន្រ្តី បុគ្គលិក ប.ស.ស. គ្រប់នាយកដ្ឋាន និងគ្រប់សាខាទាំងអស់ ត្រូវបន្តពន្លឿនក្នុងការផ្ដល់ប្រាក់ បំណាច់ប្រចាំថ្ងៃ និងប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូន ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិសេសការផ្តល់ការសម្របសម្រួល ឱ្យទាន់ពេលវេលា ចំពោះបងប្អូនដែលជាសមាជិក ប.ស.ស. ពេលទៅទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូ ប.ស.ស.។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្ទៃក្នុង ដែលប្រព្រឹត្តទៅពេញមួយថ្ងៃ ត្រូវបានរៀបចំឡើង នៅសាលប្រជុំធំ នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ សរុបប្រមាណជាង ១៦០នាក់ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕

To Top
×