ព័ត៌មានជាតិ

តុលាការ ឃុំខ្លួនបុរស ដែលបើក រថយន្តបុករះ បណ្តាលឱ្យមនុស្សស្លាប់៣នាក់ និងរបួស៧នាក់ នៅផ្លូវវ៉េងស្រេង

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១នេះ បានបង្គាប់អោយឃុំខ្លួន បណ្ដោះអាសន្ន បុរសត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងការបើកបររថយន្តក្នុងភាពស្រវឹង និង ធ្វេសប្រហែស បណ្តាលអោយបុក មនុស្សស្លាប់ចំនួន៣នាក់ និងរបួសចំនួន៧នាក់ ប្រព្រឹត្ត នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២១ ។

មន្ត្រីនគរបាលចរាចរណ៍ រាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទរូបនេះមានឈ្មោះ ហៃ វិចិត្រ ភេទ ប្រុស ត្រូវបានតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហែសខ្ជីខ្ជា បើកបរក្នុងស្ថានភាពស្រវឹង បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃច្រើននាក់» តាមបញ្ញត្តិមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ឈ្មោះ ហៃ វិចិត្រត្រូវបានចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១ បន្ទាប់ពីគាត់ បានបើកបររថយន្តមួយគ្រឿងម៉ាក Toyota Tundra ពាក់ស្លាកលេខ ភ្នំពេញ 2AG-7060 បុកម៉ូតូមួយគ្រឿងដែលកំពុងធ្វើដំណើរ នៅតាមផ្លូវ២១៧ មុខបុរីពិភពថ្មីចំការដូង និង បានបន្តបុករះរទេះលក់ សាច់អាំងមួយ នៅផ្លូវវែងស្រេង បណ្តាលឱ្យមនុស្សចំនួន ៣នាក់ បានស្លាប់នៅហ្នឹងកន្លែង និង៧នាក់ផ្សេងទៀត រងរបួសធ្ងន់និងស្រាល នៅចំណុចភូមិត្រពាំងថ្លឹង១, សង្កាត់ត្រពាំងថ្លឹង១ ។

ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍, សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នរគបាលរាជធានីភ្នំពេញ បានចុះវាស់វែងនៅកន្លែងកើតហេតុ និងបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែត ។ ចំណែកឯ ជនរងគ្រោះ ដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ដើម្បីសង្គ្រោះបន្ទាន់៕

ដោយ: រស្មី អាកាស

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×