ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបកស្រាយថា ទោះបីកម្ពុជា ចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មសេរីជាមួយចិន (CCFTA) រួចហើយក៏ដោយ ប៉ុន្តែទំនិញផលិតផលកសិកម្មទាំងនោះ ត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវខាងស្តង់ដារអនាម័យ និងភូតគាមអនាម័យ ព្រមទាំង សុវត្ថិភាពចំណីអាហារ។
ការពន្យល់របស់ លោក វេង សាខុន បន្ទាប់ពីមានសាធារណៈមតិមួយចំនួន លើកឡើងថា កម្ពុជា បានចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មសេរីជាមួយ សាធារណរដ្ឋប្រជាមានិតចិន (CCFTA) រួចហើយ មូលហេតុអ្វីបានជាកម្ពុជាមិនអាចនាំចេញកសិផលមួយចំនួនទៀត ទៅកាន់ប្រទេសចិនបាន? តើរបាំងការធ្វើពាណិជ្ជកម្មសេរីទាក់ទង ទៅនឹងSPS ជាអ្វី?
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងកសិកម្ម នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី អនុញ្ញាតឱ្យមានការធ្វើសេរីភាវូបនីយកម្មទីផ្សារផលិតផលកសិកម្មដោយពុំជាប់របាំងពន្ធគយ (Tariff measures) បានជាច្រើនបន្ទាត់ពន្ធ ប៉ុន្តែមិនមានន័យថា ប្រទេសទាំង២អាចនាំចេញ នាំចូលទំនិញជាផលិតផលកសិកម្ម ដោយមិនជាប់ជារបាំងមិនមែនពន្ធគយផ្សេងៗទៀតទេ (Non-tariff measures-NTMs) ដែលរួមមានផងដែរនូវរបាំងអនាម័យនិងភូតគាមអនាម័យ។
លោក បានបញ្ជាក់ថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ នឹងអនុញ្ញាតឱ្យកម្ពុជាអាចនាំផលិតផលកសិកម្មជាច្រើនមុខចូលទីផ្សារប្រទេសចិនដោយមិនជាប់ពន្ធគយ ក៏ប៉ុន្តែទំនិញជាផលិតផលកសិកម្មទាំងនោះ ត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវខាងស្តង់ដារអនាម័យនិងភូតគាមអនាម័យ និងសុវត្ថិភាពចំណីអាហារ ដែលកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តរបស់ប្រទេសចិន»។
លោក បានបន្ដថា ដូចគ្នានេះដែរ ការនាំទំនិញជាផលិតផលកសិកម្មពីប្រទេសចិនចូលកម្ពុជា ក៏ជាកម្មវត្ថុស្ថិតក្រោមរបបគ្រប់គ្រង អនាម័យនិងភូតគាមអនាម័យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអនាម័យនិងភូតគាមអនាម័យដែលមានជាធរមាន។
លោក បានបន្ថែមថា ទាំងកម្ពុជា និងប្រទេសចិន មានសិទ្ធិរៀងៗខ្លួនដែលបានផ្តល់ដោយ WTO SPS Agreement ក្នុងការបង្ការទប់ស្កាត់ហានិភ័យចំពោះសុខភាពឬជីវិតមនុស្ស សត្វ និងរុក្ខជាតិក្នុងដែនដីរបស់ខ្លួន ដោយធានាថាផលិតផលកសិកម្ម ដែលនាំចូលក្នុងប្រទេសរបស់ខ្លួន ត្រូវតែស្របតាមស្តង់ដារអនាម័យនិងភូតគាមអនាម័យ និងស្តងដារសុវត្ថិភាពចំណីអាហារដែលកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាតិរៀងៗខ្លួន។
លោក បានរំលឹកថា ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលកសិកម្មចូលទីផ្សារប្រទេសចិនចំនួន១៧មុខ មានបរិមាណជាង ៧៣៦ ០០០ តោន ក្នុងនោះយើងមានផលិតផលសំខាន់ៗដូចជា ផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមី ម្ស៉ៅដំឡូងមី ជ័រកៅស៊ូ គ្រាប់ស្វាយចន្ទី ស្វាយស្រស់ ដំណាប់ស្វាយ ដូងប្រេង។ល។ សូមបញ្ជាក់ថា ផលិតផលទាំងនេះ អាចនាំចេញបាន គឺដោយសារតែប្រទេសទាំងពីរបានចុះពិធីសាររួចរាល់ជាមុនហើយដែរ៕