Covid-19

សម្ដេចតេជោ ប្រាប់ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន ថា កម្ពុជាបន្តប្រឆាំងកូវីដ ដើម្បីទាក់ទាញអ្នកវិនិយោគ កាន់តែច្រើន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ានថា កម្ពុជាបន្ដប្រយុទ្ធប្រឆាំង ព្រមទាំង គ្រប់គ្រងជំងឺកូវីដ-១៩ ជាពិសេស ជំរុញការកែទម្រង់ផ្នែក ធុរកិច្ចឲ្យកាន់តែប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគ កាន់តែច្រើនឡើង ។

ក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយ លោក ថេត អូសៀស (Ted Osius) ជាប្រធាន និងនាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះអាមេរិក ដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា។

សម្ដេចតេជោបញ្ជាក់ថា «ផែនការចូលរួមដោះស្រាយ បញ្ហាបម្រែបម្រួល អាកាសធាតុរបស់កម្ពុជា ក៏ដូចជា វិធានការឆ្ពោះទៅមុខរបស់កម្ពុជា គឺបន្តគ្រប់គ្រងជំងឺកូវីដ-១៩ ជំរុញការកែទម្រង់ផ្នែក ធុរកិច្ចឲ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគ ឲ្យបានកាន់តែច្រើន ជំរុញការកែទម្រង់លើគ្រប់វិស័យ និងជំរុញការបង្កើនសកម្មភាពធុរកិច្ច និងលើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា” ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យវិនិយោគិន សហរដ្ឋអាមេរិក ពិចារណាមកវិនិយោគនៅកម្ពុជា នាពេលខាងមុខ ផងដែរ។

នាឱកាសនោះ លោក ថេត អូសៀស (Ted Osius) ក៏បានលើកឡើងពីចំណាប់អារម្មណ៍ របស់ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន ដែលមានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពល វិស័យឧស្សាហកម្ម វិស័យសុខាភិបាល វិស័យបច្ចេកវិទ្យា វិស័យហិរញ្ញវត្ថុ និងការនាំចេញនាំចូល។

លោក បានបន្ដថា ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន នឹងគាំទ្រកម្ពុជានៅពេលដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះអាស៊ាន នៅពេលខាងមុខ ក៏ដូចជា ជួយដល់កម្ពុជាលើវិស័យសេដ្ឋកិច្ច នៅក្នុងអំឡុងពេលនៃ ការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដូចជា ជួយកម្ពុជាក្នុងការកសាងសមត្ថភាព និងបញ្ហាសន្តិសុខថាមពល ផងដែរ។

នាឱកាសនោះ លោក ថេត អូសៀស (Ted Osius) រួមជាមួយនឹងសមាជិកក្រុមហ៊ុនទាំងអស់ បានអបអរសាទរចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ បានជោគជ័យ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×