ព័ត៌មានជាតិ

តុលាការកំពូលតម្កល់ ទោសស្ត្រីជាប់ចោទម្នាក់ ដាក់គុក ១០ឆ្នាំ ពាក់ព័ន្ធការរក្សាទុក និងជួញដូរគ្រឿងញៀន

ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១នេះ បានប្រកាសសាលដីកា លើបណ្តឹងសារទុក្ខ របស់ស្រ្តីជាប់ចោទម្នាក់ ដែលត្រូវបានតុលាការដំបូង ខេត្តកំពង់ចាម កាលពីឆ្នាំ ២០១៦ កាត់ទោសដាក់ ពន្ធធានាគារកំណត់ ១០ឆ្នាំ ជាប់ពាក់ព័ន្ធករណី រក្សាទុក និងជួញដូរ ដោយខុយច្បាប់ នូវ សារធាតុ ញៀន ប្រព្រឹត្តនៅភូមិពង្រ, ឃុំស្តើងជ័យ, ស្រុកជើងព្រៃ, ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៩។

តុលាការកំពូលសម្រេចតម្កល់ សេចក្តីសម្រេចរបស់តុលាការ ថ្នាក់ក្រោមរក្សាទុក ជាបានការដដែល និង ប្រកាសបិទផ្លូវតវ៉ា របស់ជនជាប់ចោទ។

លោកគង់ ស្រ៊ីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ មានឈ្មោះ កែវ ស៊ីណុន ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ។

ជនជាប់ចោទ ឈ្មោះ កែវ ស៊ីណុន ត្រូវបានសាលាដំបូង ខេត្តកំពង់ចាម កាលពីឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារកំណត់ ១០ឆ្នាំ ពីបទ: «រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន»។

ជនជាប់ចោទត្រូវបាន ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៩ និង រឹបអូសបានថ្នាំញៀនចំនួន១៤ កញ្ចប់ មានទម្ងន់ជិត ២០០ក្រាម។

តែជនជាប់ចោទ បានប្តឹងជំទាស់នឹងសាលក្រមខាងលើ មកកាន់ តុលាការឧទ្ទរណ៍ ។ តុលាការឧទ្ទរណ៍ បានតម្កល់ទោសគាត់រក្សានៅដដែល។ គាត់បានបន្តប្តឹងសារទុក្ខ មកកាន់ តុលាការកំពូលទៀត។

នាពេលសវនាការកាលពីថ្ងៃទី ១១ ខែ តុលា, ជនជាប់ឈ្មោះ ស៊ីណុន បានឆ្លើយសារភាពចំពោះ ការចោទប្រកាន់ខាងលើ តែនិយាយថា ការផ្តន្ទាទោស របស់តុលាការថ្នាក់ក្រោម គឺ ធ្ងន់ធ្ងរពេក។ នាងមិនអាចទទួលយកបានទេ។

ជនជាប់ចោទ បានសំណូមពរ ដល់តុលាការកំពូល មេត្តាជួយបន្ធូរបន្ថយទោសដល់រូបគាត់ ព្រោះគាត់មានម្តាយចាស់ជរា និងមានជម្ងឺប្រចាំកាយផង ៕

ដោយ រស្មី អាកាស

To Top