ព័ត៌មានជាតិ

អាល្លឺម៉ង់ គ្រោងចុះសិក្សា​ ផលប៉ះពាល់ជំងឺកូវីដ លើសង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ ក្រុមអ្នកជំនាញអាល្លឺម៉ង់ បានគ្រោងចុះមកសិក្សាអំពីផលប៉ះពាល់ នៃជំងឺកូវីដ-១៩ មកលើសង្គម-សេដ្ឋកិច្ច ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាចុងឆ្នាំ២០២១ នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គណៈកម្មាធិការ នីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.T) នាថ្ងៃទី១៩ តុលា តាមប្រព័ន្ធវិដេអូ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានប្តេជ្ញាបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ឲ្យកាន់តែល្អប្រសើរ។

លោកឯកអគ្គរដ្ឋទូត និងសហការី ក៏បានលើកឡើង អំពីការគ្រោងចុះមកសិក្សា របស់ក្រុមជំនាញការអាល្លឺម៉ង់ ស្តីពីផលប៉ះពាល់ នៃជំងឺកូវីដ-១៩ លើសង្គម-សេដ្ឋកិច្ច ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា នាចុងឆ្នាំ២០២១ និងការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលគ្រោងនឹងប្រព្រឹត្តទៅ ក្នុងអំឡុងត្រីមាសទី២ ឆ្នាំ ២០២២។

ឆ្លៀតឱកាសនោះ លោក ឈៀង យ៉ាណារ៉ា និងភាគីអាល្លឺម៉ង់ បានបង្ហាញជំហរយ៉ាងមុតមាំ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោក ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានផ្តល់ការគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់វិស័យ អាទិភាពធំៗ ចំនួន៣រួមមាន ៖ វិស័យអភិវឌ្ឍន៍ជនបទ , សុខាភិបាល និងគាំពារសង្គម ,អភិបាលកិច្ច និងអន្តរវិស័យ។ លោកថា វិស័យទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសការ ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១៧ លានដុល្លារអាមេរិក ក្នុងការគាំទ្រដល់វិធានការ ឆ្លើយតបនឹងផលប៉ះពាល់ នៃជំងឺកូវីដ-១៩ និងវិធានការស្តារសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារនេះដែរ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានណែនាំសហការីថ្មីទាំងពីររូប ដែលត្រូវបំពេញបេសកកម្មបន្តនៅកម្ពុជា ដូចជា ៖ លោក Jost Kadel អនុប្រធានបេសកកម្ម និងជាប្រធានទទួល បន្ទុកផ្នែកកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ និងលោកស្រីបណ្ឌិត Angelika Stauder លេខាទី១ ទទួលបន្ទុកជា អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំ កម្ពុជា៕

To Top