ព័ត៌មានជាតិ

ជប៉ុន ផ្ដល់កម្ចី ៥៨លានដុល្លារ ដល់កម្ពុជា សម្រាប់គម្រោង ពង្រីកទឹកស្អាត នៅសៀមរាប

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានចុះហត្ថលេខាតាមប្រព័ន្ធ Video Conference លើកិច្ចព្រមព្រៀង ឥណទានសម្បទានបន្ថែម សម្រាប់គម្រោងពង្រីកសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតសៀមរាប ក្នុងទឹកប្រាក់ចំនួន ៦,៣៣៦លានយ៉េនជប៉ុន (ប្រមាណ៥៨លាន ដុល្លារអាមេរិក)។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួម របស់ក្រសួងសេដ្ឋកិច្ច និងJICA នាថ្ងៃទី២១ តុលា នេះ បានបញ្ជាក់ថា គម្រោងនេះ មានទិសដៅសាងសង់ រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦០ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយយកប្រភពទឹក ពីបឹងទន្លេសាប ក្នុងនោះ មានការសាងសង់ ប្រព័ន្ធបណ្តាញ-ស្ថានីយបូមទឹក, សាងសង់ប្រព័ន្ធចែកចាយទឹក និងសាងសង់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អាត។ គម្រោងនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ និងចែកចាយប្រព័ន្ធទឹកស្អាត ជូនដល់ប្រជាពលរដ្ឋ ទូទាំងក្រុងសៀមរាប។

កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលត្រូវបានចុះហត្ថលេខានេះ គឺជាឯកសារគតិយុត្តិមួយទៀត បន្ទាប់ពីលិខិតប្តូរសារដែលបាន ចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១កន្លងទៅ រវាងក្រសួងការបរទេសខ្មែរ និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

សមិទ្ធផលដែលទទួលបានពីគម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់ រាជរដ្ឋាភិបាលកម្ពុជាឲ្យសម្រេច «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ» លើវិស័យផ្គត់ផ្គង់ទឹកស្អាត តាមរយៈការគាំទ្រដល់រដ្ឋាករ ទឹកស្វយ័តសៀមរាបដែល ឆ្លើយតបយ៉ាងជាក់ច្បាស់ ទៅនឹងសេចក្តីត្រូវការ ជាអាទិភាពរបស់កម្ពុជា ក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ស្របទៅនឹងមុំទី១ នៃចតុកោណទី៤ ដូចមានចែងក្នុងឯកសារ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×