នយោបាយ

លោក សេង សារី ៖ មានតែសម្តេចតេជោទេ បានកសាងប្រវត្តិសាស្រ្ត បញ្ចប់ជំលោះ នៅកម្ពុជា ក្នុង៤ ទសវត្សមកនេះ

ភ្នំពេញ ៖ លោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវសង្គម បានលើកឡើងថា ក្នុងរយៈពេលប្រមាណជា៤ ទសវត្សកន្លងមកនេះ មានតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាម្នាក់គត់ ដែលបានបានកសាងប្រវត្តិសាស្រ្ត ក្នុងការបញ្ចប់ជំលោះ នយោបាយកម្ពុជា ។

តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃ២១ តុលានេះ លោក សេង សារីបានលើកឡើង ពីសម្តេចតា អតីតព្រះមហាក្សត្រកម្ពុជា និងសម្តេចតេជោថា កាលពីជាង៣០ឆ្នាំមុន(២៣ តុលា ១៩៩១) វីរៈជន២រូបនេះ បានបង្កើតនូវប្រវត្តិសាស្រ្ត មួយ ដែលឈានទៅដល់ការ បញ្ចប់ជម្លោះនយោ បាយនៅកម្ពុជា ។ តាំងពីពេលនោះមក កម្ពុជាឈានជំហ៊ានលើផ្លូវ សន្តិភាព បាន៣០ឆ្នាំហើយ ទោះបីមិនអាចធ្វើឲ្យពលរដ្ឋ និងអន្តរជាតិពេញចិត្តទាំងអស់ក៏ដោយ ក៏កម្ពុជាបានកសាងសន្តិភាពមួយដែលគ្មានសង្រ្គាម និងគ្មានជម្លោះ ប្រដាប់អាវុធ។

លោកថា អ្វីដែលវីរៈជននយោបាយបច្ចុប្បន្ន និងអ្នកនយោបាយបន្តវេនត្រូវកសាងបន្តទៀត គឺការកសាងសន្តិភាពមួយដែលមានការគោរពសិទ្ធិមនុស្ស មាននីតិរដ្ឋ មានយុត្តិធម៌សង្គម មានសមភាពផ្នែកខាងសេដ្ឋកិច្ច និងបន្តដំណើរលើវិថីប្រជាធិបតេយ្យដ៏ពេញលេញមួយ។

លោកបន្តថា “បើប្រវត្តិសាស្រ្តលើកទី២ នេះ កើតឡើងមែន អ្នកប្រវត្តិសាស្រ្តនឹងកត់ត្រាដោយក្តីរីករាយ ចំពោះវីរៈជន ៣រូប គឺអតីតព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហនុ សម្តេច ហ៊ុន សែន និងឯកឧត្តម សម រង្សី ហើយអ្វីដែលពិសេសនោះ គឺ សម្តេច ហ៊ុន សែន តែម្នាក់ឯងគត់ ដែលបានកសាងប្រវត្តិសាស្រ្ត ក្នុងការដោះស្រាយជម្លោះនយោបាយ នៅកម្ពុជា រហូតដល់ទៅ ២ដង ក្នុងរយៈពេលមិនដល់៤ទសវត្សផង” ៕

To Top
×