ព័ត៌មានជាតិ

កម្ពុជា សង្ឃឹមថា គម្រោងផ្លូវរថភ្លើងល្បឿនលឿន ពីខេត្តយូណាន ឆ្លងកាត់ឡាវ នឹងតភ្ជាប់មកកម្ពុជា ឆាប់ៗនេះ

ភ្នំពេញ ៖ លោក គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថាន សិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ ក្ដីសង្ឃឹមថា គម្រោងផ្លូវរថភ្លើងល្បឿនលឿន ពីខេត្តយូណាន ប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ នឹងតភ្ជាប់មកប្រទេសកម្ពុជា ឆាប់ៗនេះ។

ការលើកឡើងរបស់ លោក គី សេរីវឌ្ឍន៍ បែបនេះ ក្រោយពីផ្លូវរថភ្លើងល្បឿនលឿន ដែលតភ្ជាប់រវាង ចិន-ឡាវ ក្រោមកិច្ចផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានចាប់ផ្តើមប្រតិបត្តិការ ជាផ្លូវការ ចេញពីខេត្តយូនណាន ទៅកាន់ទីក្រុងវៀងច័ន្ទ នាចុងឆ្នាំ២០២១នេះ។

ក្នុងសិក្ខាសាលាកម្រិតខ្ពស់ប្រព័ន្ធផ្សព្វផ្សាយប្រទេសមេគង្គ-ឡានឆាង (កម្ពុជា) នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក គី សេរីវឌ្ឍន៍ បានឲ្យដឹងថា កម្ពុជាមានប្លង់មេ សម្រាប់ដើរជា យុទ្ធសាស្ដ្រចតុកោណ និង អភិបាលកិច្ចជាស្នូល ។
លោកថា កម្ពុជាទទួលបានការគាំទ្រ ពីដៃគូជាតិ និងអន្ដរជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ។

លោក បានបន្ដថា ភាពខ្លាំងរបស់កម្ពុជា គឺការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងបំណុល ក្រៅប្រទេសបានល្អ ដែលមិនអាចឲ្យកម្ពុជា ធ្លាក់ទៅក្នុងអន្ទាក់ បំណុលឡើយ។

លោក បានបញ្ជាក់ថា «ដើម្បីឆ្លើយតបជាមួយកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-ចិន ដែលយើងដឹងហើយថា ខេត្តយូណាន ជាខេត្តមួយ ខិតមកគៀកប្រទេសកម្ពុជា ហើយខេត្តយូណាន ក៏មានបំណងបន្ដភ្ជាប់ប្រព័ន្ធផ្លូវរថភ្លើង មកកាន់ប្រទេសកម្ពុជា ដោយឆ្លងកាត់តាមប្រទេសឡាវ។ ខ្ញុំសង្ឃឹមថា គម្រោងនេះ នឹងត្រូវបានតភ្ជាប់ផ្លូវដែកកាន់តែឆាប់ៗ ដើម្បីឲ្យកម្ពុជាក្លាយទៅជាតំបន់បែងចែកទំនិញរបស់ចិន ក្នុងតំបន់អាស៊ាន»

នាឱកាសនោះដែរ លោក គី សេរីវឌ្ឍន៍ ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្ដល់វ៉ាក់សាំងកូវីដ-១៩ និងសម្ភារបរិក្ខាពេទ្យ មកដល់កម្ពុជាដែលទាំងអស់នេះ ជាការចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា៕

To Top